ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

រឿងមិនទាន់ចេញទេ តែតួ “Squid Game 2” បានកុងត្រាជាមួយប្រេនធំៗស្រេច

១៨ ធ្នូ ២០២៤ | កម្សាន្ដ

ខណៈភាពយន្តភាគកូរ៉េ “Squid Game” រដូវកាលទី២ កំពុងត្រៀមចេញផ្សាយ តួឯកស្រី Jo Yu Ri ដែលជាតារាចំណូលថ្មីបានទទួលការចាប់អារម្មណ៍ខ្លាំង ថែមទាំងបានរួមការងារជាមួយប្រេនលំដាប់ពិភពលោករួចស្រេច។Jo Yu Ri (ចូ យូរិ) តារាស្រីមួយរូបពីរឿងភាគ “Squid Game” វគ្គ២ បានចាប់ផ្តើមចុះកិច្ចសន្យាជាមួយម៉ាកយីហោប្រណិតរួចហើយ ដែលធ្វើឱ្យឈ្មោះរបស់នាងក្លាយជាប្រធានបទពេញនិយមភ្លាមៗលើបណ្ដាញសង្គមកូរ៉េ។

 

 

ថ្មីៗនេះ Jo Yu Ri ត្រូវបានគេប្រទះឃើញចូលរួមកម្មវិធីរបស់ Gucci ក្នុងទីក្រុងសេអ៊ូល ដែលបង្កឱ្យមានការរំពឹងទុកថានាងអាចទទួលបានតំណែងទូតសុច្ឆន្ទៈ ទោះបីរឿងមិនទាន់ចាក់បញ្ចាំងក៏ដោយ។នៅលើគណនីបណ្ដាញសង្គមរបស់ Gucci បានបង្ហាញរូបថតតារាល្បីៗដែលកម្មវិធីនៅផ្សារទំនើប Hyundai Seoul កាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅ ហើយ Jo Yu Ri ក៏ស្ថិតក្នុងចំណោមនោះដែរ។

 

 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏ត្រូវបានគេឃើញស្លៀកសំលៀកបំពាក់ពី Gucci ផងដែរក្នុងកំលុងពេលចូលរួមព្រឹត្តិការណ៍សម្ពោធបញ្ចាំង 'Squid Game' រដូវកាលទី២។

 


គួររំឭកថា កាលពីឆ្នាំ២០២១ ប្រជាប្រិយភាពលំដាប់សាកលរបស់ “Squid Game” វគ្គ១ បានធ្វើឱ្យតួសម្ដែងសំខាន់ៗក្នុងរឿងនេះបានក្លាយជាតារាលំដាប់ពិភពលោកដូចគ្នា។

 

 

ជាក់ស្ដែងតារាស្រី Jung Ho Yeon (ជុង ហូយ៉ន) បានក្លាយជាតារាល្បីទូទាំងពិភពលោកក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីរឿងនេះចេញផ្សាយ ខណៈគណនី Instagram របស់នាងបានកើនអ្នកតាមដានពី ៤សែននាក់ដល់ ១៦ លាននាក់ និងក្លាយជាតារាសម្ដែងស្រីកូរ៉េដែលមានអ្នកតាមដានលើ Instagram ច្រើនជាងគេ ព្រមទាំងបានក្លាយជាទូតសុច្ឆន្ទៈថ្មីសម្រាប់ប្រេនល្បីៗដូចជា Louis Vuitton, Adidas និង Lancôme។

 

 

ដូច្នេះ មានតែរង់ចាំមើលបន្តទៀតថាតើ “Squid Game” រដូវកាលទី២ ដែលត្រៀមចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូនេះ នឹងអាចធ្វើឱ្យតារាសម្ដែង Jo Yu Ri នឹងអាចក្លាយជាតារាពិភពលោកបន្ទាប់ឬក៏អត់ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 


  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024