ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ភាពយន្ត “The Lion King” វគ្គថ្មីរៀបចំពិធីសម្ពោធខ្នាតធំនៅទីក្រុងឡុងដ៍

១៧ ធ្នូ ២០២៤ | កម្សាន្ដ

 

 

ភាពយន្តគំនូរជីវចល “The Lion King” វគ្គថ្មីដែលជាគម្រោងធំប្រចាំចុងឆ្នាំ២០២៤របស់ Disney បានរៀបចំពិធីសម្ពោធយ៉ាងអធិកអធមនៅកណ្ដាលទីក្រុងឡុងដ៍។តារាល្បីៗជាច្រើនដែលជាអ្នកបញ្ចូលសំឡេងក្នុងខ្សែភាពយន្តស្ដេចតោវគ្គថ្មីមានចំណងជើងថា "Mufasa: The Lion King" បានបង្ហាញវត្តមានថតរូបជាមួយការតុបតែងឆាកយ៉ាងពិសេស នៅដងទន្លេ The River Thames នៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗ។

 

 

តារាសម្ដែងរួមមាន Aaron Pierre (អារ៉ន ភៀ) ជាអ្នកបញ្ចូលសំឡេងស្ដេចតោ Mufasa តារាសម្ដែង Seth Rogan (ស៊េត រ៉ូហ្កេន) អ្នកបញ្ចូលសំឡេងតួជ្រូកព្រៃ Pumbaa និង Anika Noni Rose (អានីកា ណូនី រ៉ូស) អ្នកបញ្ចូលសំឡេងតួម្ដាយស្ដេចតោ បានថតរូបដោយមានស្ពាន Tower Bridge យ៉ាងស្រស់ស្អាតនៅពីក្រោយ ខណៈអ្នកដឹកនាំរឿងគឺលោក Barry Jenkins (បារី ជេនឃីនស៍) ក៏បានចូលរួមជាមួយគ្នាដែរ។

 


ជាមួយគ្នានោះ ក្នុងកម្មវិធីក៏មានការសម្ដែងពិសេសពីក្រុមសិល្បករអាហ្រ្វិកខាងត្បូងនូវបទចម្រៀងមួយចំនួនក្នុងភាពយន្តរួមទាំងបទ “Circle of Life”។ភាពយន្ត "Mufasa: The Lion King" មានសាច់រឿងនិយាយពីរឿងរ៉ាវកើតឡើងមុន និងក្រោយព្រឹត្តិការណ៍ក្នុងភាពយន្តស្ដេចតោ “The Lion King” កាលពីឆ្នាំ២០១៩។ ភាពយន្តថ្មីនេះត្រូវបានចេញផ្សាយដើម្បីអបអរខួបគម្រប់ ៣០ ឆ្នាំនៃការចាប់កំណើតសែស្រឡាយភាពយន្តគំនូរជីវចលស្ដេចតោដ៏ល្បីល្បាញរបស់ Disney។

 

 

ក្នុងនោះ “The Lion King” វគ្គដំបូងដែលចេញក្នុងឆ្នាំ១៩៩៤ អាចរកចំណូលជុំវិញពិភពលោកបានរហូតដល់ ៧៦៣ លានដុល្លារ និងឈានដល់ការ​បង្កើតវគ្គទី២ នៅឆ្នាំ១៩៩៨។ នៅឆ្នាំ២០១៩ ភាពយន្ត “The Lion King” ជា Version Live Action ក៏ទទួលបានជោគជ័យខ្លាំងថែមទៀតជាមួយចំណូលសរុប ១៦០០ លានដុល្លារ។

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024