ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់ ៦,៧% ក្នុងឆ្នាំ២០២៧ ដែលនេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់ ៦,៧% ក្នុងឆ្នាំ ២០២៧។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់ ៦,៧% ក្នុងឆ្នាំ ២០២៧ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា បើទោះបីជាកំណើនទេសចរណ៍ត្រូវថមថយចុះ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែ ដោយសង្កេតឃើញថា សម្រាប់រយៈពេល ១០ខែ ដើមឆ្នាំ ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៥លាននាក់ កើនឡើងប្រមាណ ២១% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២៣។
សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តន៍ទៅជាសេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួនក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់ គួរឱ្យកត់សម្គាល់ផងដែរ ខណៈមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ២ទសវត្សរ៍៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ សុខ ពិសិដ្ឋ