ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសវៀតណាម រំពឹងសម្រេចនូវ ការនាំចេញផលិតផលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុបជាង ៦២ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២៤នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏ល្អប្រសើរ សម្រាប់វិស័យកសិកម្មរបស់វៀតណាម ទាំងការផលិត និងការនាំចេញ។
តម្លៃផលិតកម្ម ត្រូវបានគេរំពឹងថា នឹងកើនឡើងជាង ៣% ធៀបនឹងឆ្នាំ ២០២៣ ជាមួយនឹងការនាំចេញកើនឡើងជាង ១៨%។ផលិតផល ១១មុខ ត្រូវបានរំពឹងថា នឹងរក្សាតម្លៃនាំចេញធំជាង ១ពាន់លានដុល្លារ រួមមាន ផលិតផលឈើ ផ្លែឈើនិងបន្លែ អង្ករ កាហ្វេ គ្រាប់ស្វាយចន្ទី បង្គា និងកៅស៊ូជាដើម។
ទាក់ទងនឹងអត្រាកំណើន ផលិតផលមួយចំនួន ដែលរំពឹងថា នឹងមានការកើនឡើងពីរខ្ទង់គឺ កាហ្វេ ម្រេចខ្មៅ កៅស៊ូ និងអង្ករ។ជាក់ស្តែង សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាទីផ្សារនាំចេញកសិផលដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូលកើនឡើងដល់ ១២ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូង។
អាមេរិក ត្រូវបានតាមពីក្រោយដោយប្រទេសចិន សហភាពអឺរ៉ុប ជប៉ុន និងសាធារណរដ្ឋកូរ៉េ។យ៉ាងណាមិញ ជាមួយនឹងតម្លៃនាំចេញប៉ាន់ស្មានចំនួន ៦២ពាន់លានដុល្លារ វៀតណាម បានប្រកាសអតិរេកពាណិជ្ជកម្មជាង ៦ពាន់លានដុល្លារ ដោយជាគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលវៀតណាម បានចុះហត្ថលេខាកន្លងមកនេះ។
សូមជម្រាបថា ក្រសួងកសិកម្មវៀតណាម បានបញ្ជាក់ថា នឹងផ្តោតលើការពន្លឿនការប្រើប្រាស់ក្នុងស្រុក និងការលើកកម្ពស់ការនាំចេញ នៅក្នុងខែដែលនៅសល់មុនដំណាច់ឆ្នាំនេះ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបង្កើនការចរចាសម្រាប់ការនាំចេញជាផ្លូវការ ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ