ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
សម្តេចមហាបវរធិបតី បានអះអាងថា ការវិនិយោគសាងសង់ គម្រោងកសាងទីក្រុងមេគង្គឃី គឺជាការវិនិយោគដ៏ត្រឹមត្រូវ ដែលបានបង្ហាញយ៉ាងជាក់ច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញ។
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងមេគង្គឃី។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានការកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ វិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគ បានបោះទុនកសាងទីក្រុងលើផ្ទៃដី ២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានលើកឡើងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងជាក់ច្បាស់អំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។
សម្ដេចមហាបវរធិបតី បន្ដថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារដែលអាចឲ្យកម្ពុជា ក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង និងជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេស ស្រទាប់យុវជននាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា គម្រោង «ទីក្រុងមេគង្គឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជួយបង្កើនភាពសកម្ម នៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា។
ទន្ទឹមនឹងនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញ សកម្មភាពសេដ្ឋកិច្ចផងដែរ។គួរជម្រាបថា សម្ដេចមហាបវរធិបតី បានបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខ នៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗ មិនខុសខាងរាជធានីភ្នំពេញនោះឡើយ ដូច្នេះ សម្តេចបវរធិបតី លើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍ នៅភាគខាងកើតដងទន្លេមេគង្គ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ញិល សុជា