ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤

សន្និសីទម៉ាក្រូសេដ្ឋកិច្ចរបស់ធនាគារជាតិ វែកញែកលើការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងផលប៉ះពាល់មកលើ កម្ពុជានិងតំបន់

១៨ ធ្នូ ២០២៤ | សេដ្ឋកិច្ច

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ធនាគារជាតិនៃកម្ពុជា បានអះអាងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១១ នឹងវែកញែកលើការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងផលប៉ះពាល់មកលើ កម្ពុជានិងតំបន់។នាឱកាស សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១១ ស្តីពី ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងផលប៉ះពាល់មកលើកម្ពុជានិងតំបន់ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជម្លោះរវាងមហាអំណាច និងភាពតានតឹងក្នុងតំបន់ កំពុងផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។

 


ជាក់ស្តែង ប្រទេសនានា កំពុងរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើគូប្រជែង និងកាត់បន្ថយភាពងាយរងគ្រោះ។
លើសពីនេះ ការបែកចែកភូមិសាស្រ្ត  ក៏បានប៉ះពាល់ដល់ លំហូរហិរញ្ញវត្ថុឆ្លងកាត់ព្រំដែន និងកាត់បន្ថយអត្ថប្រយោជន៍នៃ ការធ្វើពិពិធកម្មការវិនិយោគអន្តរជាតិជាដើម ជាហេតុនាំឱ្យមានការប្រែប្រួលសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងប្លុក។

 


ឯកឧត្តម បន្តថា ត្បិតតែកម្ពុជា ជាសេដ្ឋកិច្ចតូច និងបើកចំហ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស កម្ពុជា គឺកំពុងប្រឈមទាំងបញ្ហាប្រឈម ហើយក៏អាចស្វែងរកឱកាស ក្នុងការបត់បែនទៅតាម ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្ត និងផែនការជាច្រើន រួមមានទាំង ការសម្រេចនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ជំរុញសេដ្ឋកិច្ចឌីជីថល ពង្រឹងធនធានខាងក្នុង និងការប្តេជ្ញាលើការអភិវឌ្ឍបៃតងជាដើម ។

 


គួរជម្រាបដែរថា ដោយសារការបែងចែកភូមិសាស្ត្រ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធនាគារជាតិនៃកម្ពុជា និង IMF បានរួមគ្នារៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ១១នេះ ដោយចាប់ផ្តើមពី ទស្សនៈសកល និងបង្រួមមកត្រឹមផលប៉ះពាល់របស់វាទៅលើគោលនយោបាយពាណិជ្ជកម្ម និង ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងតំបន់ និងកម្ពុជា ដោយមានវាគ្មិន អ្នកពិភាក្សា និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ខ្ពស់មកពី IMF ធនាគារពិភពលោក សាកលវិទ្យាល័យអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024