ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
នៅថ្ងៃនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន និងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីពេលនេះតទៅ។
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផតផលបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយ និងការដាក់ឱ្យប្រើផតថលនេះ ដែលសាធារណជន អាចអាក់សេសព័ត៌មាន និងឯកសារពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុបានជាប្រចាំ គ្រប់ពេលវេលា តាមរយៈតំណភ្ជាប់ fintech.fsa.gov.kh។
ឯកឧត្តម បន្តថា មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បានរៀបចំរួចរាល់នូវ ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ដែលប្រែក្លាយជាជំហានៗនូវ ផតថលនេះ ឱ្យក្លាយជា ថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលប្រមូលផ្តុំ, ធ្វើប្រព្រឹត្តិកម្ម, ផ្សព្វផ្សាយ និងអនុញ្ញាតឱ្យគ្រប់តួអង្គសង្គម អាក់សេសព័ត៌មាន, ទិន្នន័យ, ឯកសារ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ។
នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ដើម្បីរួមវិភាគទានដល់ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនេះឡើង គឺជាអាទិភាពមួយនៃ វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃ ការចាប់យកឌីជីថល ឆ្ពោះទៅការកសាងមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល។
គួរជម្រាបថា ផតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺជាថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលប្រមូលផ្តុំ ធ្វើប្រព្រឹត្តិកម្ម ផ្សព្វផ្សាយ និងអនុញ្ញាតឱ្យគ្រប់តួអង្គសង្គមអាក់សេសព័ត៌មាន ទិន្នន័យ ឯកសារ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត