ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០

១៩ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ខ្លួន គាំទ្រក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមចំណែកជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម រីកាដូ ភូលីធី អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ 

 


ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFC ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ កសិ-ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងវិស័យអប់រំ ដែលជាលទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

 


ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍរបស់កម្ពុជា ជាវិស័យអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្រ្តទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ បន្ថែមពីនេះ វិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ ដោយគាំទ្រការអនុវត្តកម្មវិធី ជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ ។ 

 


ជាការឆ្លើយតប ឯកឧត្តម រីកាដូ ភូលីធី អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងថា ការរីកចំរើនរបស់កម្ពុជា ក្នុងការអភិវឌ្ឍថាមពលស្អាត ដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ឯកឧត្តម រីកាដូ ភូលីធី មានការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាពសំខាន់ៗជាអាទិ៍៖ វិស័យហិរញ្ញវត្ថុ ហិរញ្ញប្បទានបៃតង ឡូជីស្ទីក ថាមពល ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 


គួរជម្រាបថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម រីកាដូ ភូលីធី អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជឿជាក់យ៉ាងមុតមាំថា បេសកកម្មការងារខាងលើនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងសេដ្ឋកិច្ច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024