ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងឧស្សាហកម្ម និងអង្គការសហប្រជាជាតិ (UNOPS) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញលទ្ធភាពទទួលបានទឹកស្អាត ប្រកបដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធធន់ នឹងអាកាសធាតុនៅកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅលើកកម្ពស់សេវាទឹកស្អាត ប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ការទទួលបានសេវាទឹកស្អាត មិនត្រឹមតែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថានខណៈកិច្ចសហការនេះ គឺជាគំរូមួយដែលបង្ហាញថា ការវិនិយោគចំគោលដៅ អាចជំរុញការផ្លាស់ប្តូរ ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។
ជាមួយគ្នានេះ លោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង UNOPS បានបញ្ជាក់ថា កិច្ចសហការនេះ គាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ ភាពជាដៃគូនេះ នឹងផ្តោតលើការបង្កើតដំណោះស្រាយនវានុវត្តន៍ ដែលអាចពង្រីកទៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់សេវាទឹកស្អាត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ ការចុះអនុស្សរណៈយោគយល់នេះ នឹងក្លាយជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែង ផ្លូវការរួមរវាងភាគីទាំងពីរ ក្នុងការរៀបចំផែនការ ការរចនា និងអនុវត្តគម្រោងនានា ដែលលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលធានានិរន្តរភាព និងបរិយាប័ន្ន។
គួរជម្រាបថា ក្រសួងឧស្សាហកម្ម និងអង្គការសហប្រជាជាតិ UNOPS បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រើអនុស្សារណៈ នៃការយោគយល់គ្នានេះ ជាក្របខ័ណ្ឌរួមសម្រាប់ការអនុវត្តការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព សំដៅការពារសុខុមាល ភាពរបស់ប្រជាពលរដ្ឋ និងពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ