ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១០៤ពាន់លានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ក្រុមហ៊ុនវិនិយោគបរទេសថ្មីជាង ៥ម៉ឺន ២ពាន់ ត្រូវបានបង្កើតឡើង ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា កើនឡើងប្រមាណជាង ៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងស្ទុះងើបឡើងវិញ ជាមួយនឹងសន្ទុះខ្លាំងជាងការរំពឹងទុក ហើយសក្តានុពលទីផ្សារ កំពុងត្រូវបានបញ្ចេញក្នុងល្បឿនលឿន ចាប់តាំងពីដើមឆ្នាំនេះ។
ការវិនិយោគពីប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ បានបន្តកើនឡើង ដោយការវិនិយោគជាក់ស្តែងពីប្រទេសអាល្លឺម៉ង់កើនឡើង ១១%, ការវិនិយោគពីសិង្ហបុរី កើនឡើង ៤% និងពីប្រទេសស្វីស កើនឡើង ៤%។ ដោយឡែក ការវិនិយោគពីប្រទេសអាស៊ាន បានកើនឡើង ៦%។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកការបើកចំហទីផ្សារបន្ថែមទៀត ដើម្បីទាក់ទាញនិងប្រើប្រាស់មូលធនបរទេស។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួង នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍រក្សាស្ថិរភាព ខណៈពេលដែលកំពុងស្វែងរកវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាព បង្កើន និងលើកកំពស់គុណភាពនៃការវិនិយោគបរទេស។
សូមជម្រាបថា ក្នុងមួយឆ្នាំ ២០២៣ពេញ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១៥៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ