ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ដើម្បីទទួលបានភាពស្អាតស្អំរបស់ខ្លួនមកវិញ្ញ កញ្ញា ដេត ស្រីនាថ បានចេញមុខបកស្រាយការពិតអំពីមូលហេតុធ្វើពហិការមិនចូលរួមប្រកួត Miss Planet International ឆ្នាំ ២០២៤ ។
អត់ធ្មត់យូរហើយកញ្ញា ដេត ស្រីនាថ ទើបសម្រេចចិត្តចេញមុខបកស្រាយការពិតឱ្យធូរចិត្ត និងដើម្បីលាងភាពស្អាតស្អំសម្រាប់ខ្លួនឯង បន្ទាប់ពីត្រូវបានខាងស្ថាប័ន Miss Planet International ចោលប្រកាន់ថានាងគ្មានសមត្ថភាព និងភាពជឿជាក់ ទើបបោះបង់ចោលការប្រកួត ។
ដូចមហាជនបានដឹងហើយថា នៅពេលប្រកួត Miss Planet International 2024 កញ្ញា ដេត ស្រីនាថ បានធ្វើពហិការមិនចូលរួមប្រកួត ដោយមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះទេ រហូតធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការខឹងសប្បារជាមួយរូបនាងជាខ្លាំង។ ក្នុងនោះ ម្នាស់ស្ថាប័ន Miss Planet International លោកស្រី ហាលី អាមីន ថែមទាំងបានសង្កត់ធ្ងន់ៗថា ដេត ស្រីនាថ ដកខ្លួនមិនចូលរួមប្រកួតដោយសារតែនាងមិនជឿជាក់លើសមត្ថភាពរបស់ខ្លួន ។
ទោះបីជាមានការវាយប្រហារខ្លាំងមកលើ ដេត ស្រីនាថ ក្តី នាងមិនបានចេញមុខបកស្រាយការពិតភ្លាមៗទេ ផ្ទុយទៅវិញនាងសំងំមិនតបតអ្វីទាំងអស់។ ដោយឡែកនៅថ្ងៃទី ១៤ ខែ ធ្នូ កន្លងនេះ នាងបានចេញមុខធ្វើសន្នីសីទសារព័ត៌មានមួយនៅមុខចំពោះអ្នកព័ត៌មានជាច្រើនដើម្បីទទួលបានភាពស្អាតស្អំរបស់ខ្លួន ។
ដេត ស្រីនាថ បានបញ្ជាក់ប្រាប់ពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តដកខ្លួនគឺដោយសារស្ថាប័ននោះមិនផ្តល់តម្លៃសម្រាប់នាងក្នុងនាមតំណាង កម្ពុជា ។ កញ្ញា ក៏បានសូមទោសជាសាធារណៈទៅកាន់មហាជនចំពោះរឿងដែលនាងមិនបានបញ្ចប់តួនាទីរបស់ខ្លួន នាងរំពឹងថាទស្សនិកជននឹងយល់បន្ទាប់ពីនាងបានចេញមុខបកស្រាយនូវអារម្មណ៍ពិតរបស់ខ្លួន ។ ថ្វីដ្បិតតែពេលនេះនាងគ្មានតំណែងអ្វីក៏ពិតមែន តែនាងនៅតែបំពេញការងារក្នុងសិល្បៈរបស់ខ្លួនដូចដើម ។
បវរកញ្ញារូបនេះ ថែមទាំងបានបន្ថែមទៀតថា សម្រាប់រូបនាង គឺប្រើសមត្ថភាពពិតៗដើម្បីចូលរួមប្រកួតប្រជែងក្នុងវិស័យសម្រស់នេះ នាងមិនបានប្រើប្រាស់លុយកាក់ដើម្បីចង់ទិញតំណែងណាមួយទេ បើនាងគ្មានសមត្ថភាពមិនមែននាងជាប់នៅក្នុងការប្រកួត Miss Planet Cambodia 2024 ឡើយ ។
នាងមិនទាន់ឡើងឆាកប្រកួតជាផ្លូវការផងហេតុអ្វីហ៊ានវាយតម្លៃថានាងគ្មានសមត្ថភាព និងភាពជឿជាក់ទៅវិញ ។ កញ្ញា ដេត ស្រីនាថ សុំបញ្ចប់រឿងរ៉ាវខាងលើត្រឹមនេះ ហើយនាងក៏មិនចង់បន្តអ្វីវែងឆ្ងាយដែរ រឿងកន្លងហួសឱ្យចប់ត្រឹមនេះ នាងសង្ឃឹមថា មហាជននឹងយល់មិនប្រកាន់ខឹងចំពោះនាងតទៅទៀត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន