ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

 កុយ អេនណា និង ខាត់ វ៉ៃហាំង ត្រូវផលិតករក្នុងតំបន់ចាប់អារម្មណ៍ខ្លាំងក្រោយចូលរួមមហោស្រពថ្នាក់អន្តរជាតិនៅ ថៃ

១៦ ធ្នូ ២០២៤ | កម្សាន្ដ

 

តារាល្បីឈ្មោះ ២ដួង គឺ លោក ខាត់ វ៉ៃហាំង និងកញ្ញា កុយ អេនណា បានធ្វើឱ្យបុគ្គលមានឈ្មោះល្បីក្នុងឧស្សាហកម្មភាពយន្តអន្តរជាតិ ចាប់អារម្មណ៍ខ្លាំងក្រោយចូលរួមមហោស្រពភាពយន្តអន្តរជាតិមួយនៅ ថៃ។

 

 

 តារាតំណាងកម្ពុជា ២ ដួង គឺ លោក ខាត់ វ៉ៃហាំង និងកញ្ញា កុយ អេនណា ត្រូវបានផ្តល់កិត្តិយសជាពិសេសសម្រាប់ការដើរលើកម្រាលព្រំក្រហមក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តគុណភាពខ្នាតខ្លីនៃ «មហោស្រពភាពយន្តគែនលើកទី៨» (KAEN International Film Festival 2024) ដែលមហោស្រពភាពយន្តដ៏ធំបំផុតនៅភូមិភាគឦសាន ប្រទេសថៃ កាលពីរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ តារាជួរមុខប្រចាំប្រទេសមកពីបណ្តាប្រទេសនៃអនុតំបន់ទន្លេមេគង្គ និងក្នុងតំបន់អាស៊ានផងដែរ។ 

 

 

ក្នុងចំណោមបុគ្គលមានឈ្មោះល្បីក្នុងឧស្សាហកម្មភាពយន្ត និងកម្សាន្តទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដូចជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា តួឯកប្រុសលោក ខាត់ វ៉ៃហាំង និងរាជនីកំពូលសម្រស់ កុយ អេនណា ទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកចូលរួម ជាពិសេសសមិទ្ធករភាពយន្តអន្តរជាតិតែម្តង។

 

 

តារាសម្តែងឆ្នើមលំដាប់ប្រទេស ខាត់ វ៉ៃហាំង និងកញ្ញា កុយ អេនណា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានការស្វាគមន៍ និងការរាក់ទាក់យ៉ាងកក់ក្តៅពីប្រជាជនឡាវ ក៏ដូចបណ្តាប្រទេសដទៃទៀត ដែលក៏ជាអ្នកគាំទ្ររូបនាងផ្ទាល់ផងដែរ។ ពួកគេសង្ឃឹមថា នឹងមានឱកាសបានរួមការងារឆ្លងប្រទេសជាមួយគ្នានាពេលខាងមុខនេះ។

 

 

សម្រាប់ការជួបជុំដ៏មានអត្ថន័យលើកម្រាលព្រំក្រហម KAEN International Film Festival 2024 ខាត់ វ៉ៃហាំង ត្រូវផលិតករភាពយន្តបរទេសសរសើរថា មានទ្រេមុខត្រូវស្តង់ដាតារាភាពយន្តអាស៊ី។ មិនតែប៉ុណ្ណោះ តាមរយៈការធ្វើដំណើរចូលរួមក្នុងមហោស្រពភាពយន្តគែនអន្តរជាតិលើកទី៨ បវរកញ្ញាសម្បុរស្រអែមស្រស់ កុយ អេនណា ត្រូវបានផលិតករភាពយន្តថៃ ឡាវ និងវៀតណាម លើកទឹកចិត្តឱ្យប្រឡូកក្នុងវិស័យភាពយន្តថែមទៀត ខណៈដែលលោក ខាត់ វ៉ៃហាំង ក៏មានបំណងចង់នាំ អេនណា ចូលទីផ្សារភាពយន្តដូចគ្នាដែរ។ 

 

 

នេះជាភាពវិជ្ជមានសម្រាប់សិល្បករខ្មែរ ក៏ដូចជាវិស័យភាពយន្តខ្មែរ ដែលយើងមានធនធានល្អអាចទាក់ទាញក្រសែភ្នែកផលិតករបរទេសឱ្យងាកមកចាប់អារម្មណ៍ពីសមត្ថភាព និងសម្រស់។ គេជឿជាក់ថា តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង និងសោភារូបស្រស់ កុយ អេនណា នឹងបង្កើតរូបភាពថ្មីមួយសម្រាប់វិស័យភាពយន្តខ្មែរ ព្រោះអ្នកទាំងពីរជាសិល្បករដែលមានទំនោរលើការបង្កើតអ្វីថ្មីៗដោយមិនខ្លាចភាពហត់នឿយ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024