ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
សិល្បករ-សិល្បការនីជើងចាស់ក្មេងយ៉ាងច្រើនកុះករបានបង្ហាញក្តីនឹករលឹកចំពោះវីរៈសិល្បករ និងវីរៈសិល្បការនីបានចែកឋានទៅ តែបន្សល់ទុកមរតកស្នាដៃសិល្បៈដ៏ល្អឯកសម្រាប់កូនចៅជំនាន់ក្រោយ ហើយស្នាដៃទាំងនោះត្រូវតាំងបង្ហាញមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ។
នេះជាការបង្ហាញក្តីនឹករលឹក ភាពអាលោះអាល័យចំពោះអ្នកម្តាយដែលជាវីរៈសិល្បការនីជំនាន់ទសវត្ស៦០ របស់តារាកំប្លែង ស្រីទូច ស្របពេលដែលស្នាដៃភាពយន្ត និងចម្រៀងនាយុគសម័យមាសជាច្រើនត្រូវបានតាំងបង្ហាញឱ្យសាធារណជនបានចូលរួមទស្សនាដោយស៊េរីក្នុងមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅអគារខេមរានីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅលើវិថីវិចិត្រសិល្បៈ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ «ព្រលឹងសិល្បៈចម្រៀង និងភាពយន្តខ្មែរ» អមដោយកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖ ការចាក់បញ្ចាំងភាពយន្តខ្មែរសម័យយុគមាសចំនួន៥រឿង , ការតាំងពិព័រណ៍ភាពយន្ដល្បីៗសម័យយុគមាស , កម្មវិធីប្រឡងប្រជែងស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់សម្តេចក្រុមព្រះនរោត្តមចក្រពង្ស , វេទិកាជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទ មរតកសិល្បៈ និងការចូលរួមចែករំលែកដោយមានវត្តមានវាគ្មិនជាច្រើនរូប , ការសម្តែងផ្ទាំងទស្សនីយភាពចម្រៀងក្រោមចំណងជើង «ព្រលឹងភាពយន្តខ្មែរ» , ការប្រគំតន្ត្រីរាត្រីយុគមាស ដោយមានវត្តមានតារាកិត្តិយសល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងកម្មវិធីពិសេសពិសេសមួយចំនួនទៀត។
ពិធីបើកមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស , វីរៈសិល្បករ សិល្បករ-សិល្បការនីចាស់ក្មេងប្រុសស្រីយ៉ាងច្រើនកុះករ បាននាំគ្នាតុបតែងខ្លួនជំនាន់ទសវត្ស ៦០-៧០ ដើម្បីជាការរំឮកអនុស្សាវរីយ៍ចាស់ៗកាលជំនាន់សិល្បៈដែលកំពុងមានភាពរវើក ហើយល្បីសុះសាយដល់ប្រទេសជិតខាង។
សិល្បករ-សិល្បការនីជើងចាស់គ្រប់ផ្នែក បានប្រមូលផ្តុំគ្នាក្នុងមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ហើយនាំគ្នារំឮកអនុស្សាវរីយ៍ល្អៗកាលជំនាន់មុន ពិសេសពេលបានឃើញផ្ទាំងគម្របចំណងជើងភាពយន្តខ្មែរជាច្រើន រួមទាំងថាសឌីសចម្រៀងចាស់ៗដែលក្រុមយុវជនស្រាវជ្រាវមរតកចម្រៀងភាពយន្ត និងប្រវត្តិសាស្ត្រខ្មែរពីអតីតកាល បានប្រមូលផ្តុំមកបង្ហាញជាតឹកតាងពីបញ្ជាក់ពីភាពអស្ចារ្យនៃសិល្បៈខ្មែរកាលជំនាន់នោះ។
គ្រាន់តែឃើញការតាំងពិព័រណ៌នេះ សិល្បករ-សិល្បការនីជើងចាស់ជាច្រើនរូប រៀបរាបរំឮកអនុស្សាវរីយ៍ទាំងអួលដើមករ ពេលនិយាយដល់ភាពលំបាកនៃការថតភាពយន្ត និងចម្រៀងនាជំនាន់នោះ។ ឆ្លៀតឱកាសនេះ គ្រប់គ្នាក៏បានឧទ្ទិសកុសលដល់វីរៈសិល្បករ និងវីរៈសិល្បការនីខ្មែរដែលបានចែកឋានទៅ ដោយក្តីនឹករលឹកជាទីបំផុត។
សូមជម្រាបថា មហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឆ្នាំ២០២៤ កំពុងរៀបចំឡើង នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅលើវិថីវិចិត្រសិល្បៈ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយទស្សនិកជនអាចចូលរួមដោយស៊េរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច