ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
តារាសម្ដែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន កំពុងធ្វើឱ្យទីផ្សារអន្តរជាតិងាកមកចាប់អារម្មណ៍ពីកម្ពុជាកាន់តែខ្លាំងឡើង តាមរយៈការខំប្រឹងឈ្មុសឈ្មុលបង្ហាញសក្កានុពលកម្ពុជាឱ្យអន្តរជាតិបានឃើញ។ កញ្ញា ស៊ីន យូប៊ីន បានបង្កការភ្ញាក់ផ្អើលដល់ហ្វេនៗជាថ្មីម្តងទៀតហើយ ដោយស្ងាត់ៗនាងស្រាប់តែលេចមុខក្នុងកម្មវិធីលំដាប់អន្តរជាតិ ៣ ព្រមៗគ្នាតែម្តង។
ជាក់់ស្តែង កាលពីសប្តាហ៍កន្លងទៅ យូប៊ីន ត្រូវបានទស្សនាវដ្តីលំដាប់ពិភពលោក Vouge អញ្ញើញឱ្យចូលរួមក្នុងកម្មវិធី Vouge Night (វ៉ូក ណាយ) ដែលរៀបចំឡើងនៅទីក្រុងហុងកុង ប្រទេសចិន ហើយទស្សនាវដ្តីលំដាប់ពិភពលោកនេះបានធ្វើការចុះផ្សាយពីវត្តមានរបស់ កញ្ញា ស៊ីន យូប៊ីន យ៉ាងព្រោងព្រាតលើ social media platform របស់ពួកគេ។ នេះអាចចាត់ទុកថា ជាលើកដំបូងដែលទស្សនាវដ្តីលំដាប់ពិភពលោក Vouge ធ្វើការចុះផ្សាយពីសិល្បកររបស់ខ្មែរយើង។
បន្ទាប់ពីនោះ សិល្បករកម្ពុជារូបនេះបានចូលរួមជាផ្នែកមួយនៃវិស័យហ្វេសិនរបស់សៀងហៃ តាមរយៈកម្មវិធី Hong Kong Fashion Week 2024 ជាកម្មវិធីបង្ហាញដ៏ធំពីម៉ូដសម្លៀកបំពាក់ និងវប្បធម៌ដ៏រស់រវើក។ កម្មវិធី fashion show ដ៏ធំនេះមានតារាល្បីៗជាច្រើនរូបហើយ យូប៊ីន ជាសិល្បករកម្ពុជាតែម្នាក់គត់ដែលមានវត្តមានចូលរួមកម្មវិធីនេះ។
គ្រាន់តែចប់កម្មវិធីអន្តរជាតិទាំង ២ នេះភ្លាម យូប៊ីន ប្រញាប់ហោះទៅប្រទេសថៃ ដើម្បីចូលរួមកម្មវិធីរបស់ប្រេនដ៏ល្បីលំដាប់ពិភពលោក BVLGARI (ប៊ូលហ្គារី) ដែលកម្មវិធីនេះមានការចូលរួមពីតារាល្បីៗជុំវិញពិភពលោក រួមទាំង Global Brand Ambassador LISA និងតារាល្បីៗលំដាប់អន្តរជាតិជាច្រើន។ ក្នុងនោះ បងប្អូនស្រីត្រកូល ស៊ីន ទាំង២រូប គឺ ស៊ីន យូប៊ីន និង ស៊ីន ជេននី ជាសិល្បករកម្ពុជាតែពីរនាក់គត់ ដែលលេចវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ។
វត្តមាន ស៊ីន យូប៊ីន ចូលរួមកម្មវិធីអន្តរជាតិនានា ជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជាដែលយើងអាចឈានជើងចូលទីផ្សារអន្តរជាតិដោយសន្សឹមៗ តាមរយៈការបើកទ្វារទីផ្សារអន្តរជាតិម្តងបន្តិចៗរបស់តារាស្រីរូបនេះ។
តាំងពីដើមមក គោលដៅចម្បងរបស់តារាសម្តែងឆ្នើមរូបនេះ គឺនាងចង់បើកទ្វារទីផ្សារអន្តរជាតិឱ្យសិល្បករកម្ពុជាយើង ហើយពេលនេះនាងកំពុងដើរមួយជំហានម្តងៗឆ្ពោះទៅកាន់គោលដៅដ៏ធំនោះ ដោយរំពឹងថា ការខិតខំប្រឹងប្រែងរបស់នាងនឹងជះផលវិជ្ជមានសម្រាប់វិស័យសិល្បៈខ្មែរយើងទាំងមូល ពិសេសសិល្បករកម្ពុជាលើឆាកអន្តរជាតិ។
យូប៊ីន ជាតារាស្រីម្នាក់ដែលតែងតែលើកឡើងអំពីសក្កានុពល និងភាពចម្រុះរបស់កម្ពុជាឱ្យអន្តរជាតិបានដឹង ក្នុងបំណងទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏រស់រវើកឱ្យអន្តរជាតិបានឮ ដើម្បីមកលេងកម្សាន្តនៅកម្ពុជាយើងផងដែរ។
ឆាប់ៗនេះ ប្រិយមិត្តទស្សនិកជននឹងបានទស្សនាស្នាដៃរឿងភាគដំបូងបង្អស់ដែល យូប៊ីន ជាផលិតករដឹកនាំរឿង ហើយនាងសង្ឃឹមថា ទស្សនិកជននឹងស្រលាញ់ចូលចិត្ត ហើយគាំទ្រស្នាដៃភាពយន្តដំបូងរបស់នាង។ តារាសម្តែងដ៏មានប្រជាប្រិយរូបនេះ មិនទម្លាយឱ្យដឹងពីគម្រោងការងារឆ្នាំថ្មីនោះឡើយ តែនាងចង់ឱ្យទស្សនិកជនរង់ចាំអ៊ុតមើលទាំងអស់គ្នា ព្រោះនាងតែមានអ្វី surprise អ្នកគាំទ្រគ្រប់ពេលវេលា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឱ្យ