ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
សែស្រឡាយភាពយន្តវិទ្យាសាស្ត្រភពផ្កាយដ៏ល្បីល្បាញ “Star Wars” កំពុងត្រៀមបញ្ចេញរឿងភាគស៊េរីថ្មីមានចំណងជើងថា “Star Wars: Skeleton Crew” ដោយមានតួឯកភាគច្រើនជាតារាក្មេងៗ។
ភាពយន្តភាគ “Star Wars” ស៊េរីថ្មីមានចំណងជើងថា “Star Wars: Skeleton Crew” ដែលមានសរុបចំនួន ៨ ភាគនឹងតំណាលសាច់រឿងអំពីក្មេងតូច ៤ នាក់ដែលត្រូវឆ្លងកាត់ដំណើរផ្សងព្រេងគួរឱ្យព្រឺព្រួច និងភ័យខ្លាច បន្ទាប់ពីវង្វេងនៅក្នុងពិភពកាឡាក់ស៊ី។ ក្នុងដំណើរស្វែងរកផ្លូវត្រលប់មកផ្ទះវិញ ពួកគេបានជួបតួអង្គអាថ៌កំបាំងម្នាក់ ដែលសម្ដែងដោយតារាប្រុសអង់គ្លេស Jude Law (ជូត ឡ)។
ចូលរួមក្នុងកម្មវិធីសម្ពោធនៅទីក្រុងឡុងដ៍កាលពីពេលថ្មីៗ ជាមួយតួអង្គក្មេងៗទាំង៤ តារាសម្ដែង Jude Law បាននិយាយថាភាពយន្តភាគថ្មីនេះនឹងនាំទស្សនិកជនទៅកាន់ចក្រវាល Star Wars ដែលមានភាពសប្បាយរីករាយជាងមុន ខណៈដែលតួឯកភាគច្រើនជាតួកុមារ។
គួរបញ្ជាក់ថា សាច់រឿងមួយចំនួននៃភាពយន្តភាគថ្មីនេះនឹងមានពាក់ព័ន្ធព្រឹត្តិការណ៍មួយចំនួនក្នុងភាពយន្ត “Return of the Jedi” ដែលចេញបញ្ចាំងតាំងពីឆ្នាំ១៩៨៣ ដោយក្នុងនោះផលិតកររឿងទាំងពីររូបគឺលោក Jon Watts (ចន វ៉ាត់) និង Christopher Ford (គ្រីសស្តុបហ្វឺ ហ្វត) បានឱ្យដឹងថាពួកគេទទួលបានការបំផុសគំនិតពីភាពយន្តនេះតាំងពីនៅក្មេងៗ។
ផលិតករ Jon Watts ដែលត្រូវបានគេស្គាល់ផងដែរសម្រាប់ការដឹកនាំភាពយន្ត “Spider-Man” ទាំង ៣វគ្គបានឱ្យដឹងទៀតថា នេះជាឱកាសដ៏អស្ចារ្យមួយទៀតសម្រាប់លោកក្នុងការនាំយកចក្រវាល Star Wars ដែលគ្រប់គ្នាស្រលាញ់ចូលចិត្តយូរមកហើយ មកបង្ហាញតាមរយៈការគិតរបស់ក្មេងៗអាយុខ្ទង់ ១០ឆ្នាំវិញម្ដង។ ភាពយន្ត "Star Wars: Skeleton Crew" នឹងចាក់ផ្សាយភាគតាមរយៈ Disney+ ដោយចាប់ផ្ដើមភាគដំបូងនៅថ្ងៃទី៣ ខែធ្នូ ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន