ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

មិនធម្មតា! ចេកបិទស្កុតមួយផ្លែអាចលក់ដេញថ្លៃបានជាង ៦ លានដុល្លារ

២២ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

អាចចាត់ទុកថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈស្នាដៃសិល្បៈចេកបិទស្កុតដ៏ល្បីល្បាញលើអ៊ិនធឺណិតនាពេលកន្លងមកអាចលក់ដេញថ្លៃបានជាង ៦ លានដុល្លារ នៅក្នុងពិធីដេញថ្លៃមួយនៅទីក្រុងញូវយ៉ក។

 


ចេកមួយផ្លែបិទជាប់នឹងជញ្ជាំង ជាស្នាដៃសិល្បៈមានឈ្មោះថា “Comedian” ឬន័យជាភាសាខ្មែរថា "អ្នកកំប្លែង" របស់សិល្បករអ៊ីតាលី Maurizio Cattelan (ម៉ោរីស្យ៉ូ ខាតេឡាន) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៦,២ លានដុល្លារអាមេរិក នៅក្នុងពិធីដេញថ្លៃនៅក្រុមហ៊ុន Sotheby's (សូថឺប៊ីស៍) កាលពីថ្ងៃទី២០ ខែវិច្ឆិកា។

 


ដំបូងឡើយចេកនេះត្រូវបានប៉ាន់ប្រមាណថាអាចនឹងលក់បានក្នុងតម្លៃ ១,៥ លានដុល្លារ ប៉ុន្តែបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកប្រកួតប្រជែងដេញថ្លៃចំនួន ៧នាក់ ទីបំផុតចេកនេះអាចលក់បានក្នុងតម្លៃ ៥,២ លានដុល្លារ ហើយគិតបញ្ចូលទាំងថ្លៃសេវាផ្សេងៗ អ្នកដេញថ្លៃត្រូវចាយប្រាក់សរុប ៦,២ លានដុល្លារ។

 


យោងតាមក្រុមហ៊ុនដេញថ្លៃខាងលើ អ្នកដេញថ្លៃទិញចេកមួយផ្លែនេះគឺជនជាតិចិនឈ្មោះ Justin Sun (ចាស់ស្ទីន សាន់) ជាស្ថាបនិកវេទិការូបិយប័ណ្ណគ្រីបតូ TRON (ត្រន)។ តាមរយៈសេចក្តីថ្លែងការណ៍មួយ អ្នកដេញថ្លៃរូបនេះបានឱ្យដឹងថា "នេះមិនមែនគ្រាន់តែជាស្នាដៃសិល្បៈធម្មតានោះទេ ប៉ុន្តែវាតំណាងឱ្យបាតុភូតវប្បធម៌ដែលផ្សារភ្ជាប់ពិភពសិល្បៈ ពិភព Meme (មីម) និងសហគមន៍រូបិយប័ណ្ណគ្រីបតូ" ។

 

 

លោកជឿថា ស្នាដៃនេះនឹងជំរុញឱ្យមានការគិត និងការពិភាក្សាបន្ថែមទៀតនាពេលអនាគត ហើយនឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។ក្រុមហ៊ុន Sotheby's បានរាយការណ៍ថា មុនត្រូវបានលក់ដេញថ្លៃ ស្នាដៃសិល្បៈមួយនេះត្រូវបានតាំងបង្ហាញនៅទីក្រុងចំនួន ៩ ទូទាំងពិភពលោក ដោយទាក់ទាញអ្នកទស្សនាជាង ១២០០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍ ៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024