ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាចម្រៀងប៉ុប Ariana Grande និងតារាអន្តរជាតិល្បីៗជាច្រើនរូបបានបង្ហាញខ្លួនក្នុងកម្មវិធីប្រគល់ពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤ ដោយទស្សវដ្ដីអាមេរិក Wall Street Journal។
ទស្សនាវដ្ដីអាមេរិក Wall Street Journal ហៅកាត់ WSJ បានប្រារព្ធពិធីប្រគល់ពានរង្វាន់សម្រាប់អ្នកច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងញូវយ៉ក កាលពីពេលថ្មីៗ ដោយរួមមានវត្តមានបុគ្គលល្បីៗពីគ្រប់វិស័យ។
ក្នុងចំណោមនោះ តារាចម្រៀង Ariana Grande (អារីអាណា ហ្ក្រេនដេ) និងដៃគូសម្ដែងក្នុងរឿង “Wicked” (វីកឃិត) គឺតារាសម្ដែងអង់គ្លេស Cynthia Erivo (ស៊ីនធីអ្ហា រីវ៉ូ) បានចូលរួមកម្មវិធីនេះ ខណៈអ្នកដឹកនាំរឿងរបស់ពួកគេគឺលោក Jon M. Chu (ចន អេម ជូ) បានទទួលពានរង្វាន់ផ្នែកដឹកនាំរឿង។
ភ្ញៀវកិត្តិយសជាតារាល្បីៗផ្សេងទៀតរួមមានតារាសម្ដែងនិងផលិតករស្រី Reese Witherspoon (រីស វីធើស្ពូន) អ្នកច្នៃម៉ូដ Nicky Hilton Rothschild (នីគី ហ៊ីលថុន រ៉តស៍ឆាល) តារាចម្រៀង Charli XCX និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ជាដើម ។គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ទស្សនាវដ្ដី Wall Street Journal តែងផ្តល់ពានរង្វាន់កិត្តិយសដល់អ្នកមានស្នាដៃឈានមុខក្នុងវិស័យនានាទាំងផ្នែកកំប្លែង កម្មវិធីកម្សាន្ត ម៉ូដ ភាពយន្ត តន្ត្រី កីឡា និងបច្ចេកវិទ្យា ហើយឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៤ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង។
នៅឆ្នាំនេះ កម្មវិធីកំប្លែងរបស់ទូរទស្សន៍អាមេរិក Saturday Night Live ទទួលបានពានរង្វាន់ផ្នែកកំប្លែង, អ្នកច្នៃម៉ូដ Marc Jacobs បានទទួលពានផ្នែក Fashion, លោក Tim Cook បានទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យា, តារាសម្ដែង Salma Hayek (សាលម៉ា ហាយេក) បានទទួលពានផ្នែកកម្មវិធីកម្សាន្តច្នៃប្រឌិត ស្របពេលតារាចម្រៀងស្រី Charli XCX បានទទួលពានរង្វាន់ផ្នែកតន្ត្រី ៕
ប្រែសម្រួល៖ វ៉ាន់ថន