ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ភាពយន្តភាគកូរ៉េដ៏ល្បីល្បាញពីល្បែងមរណៈ គឺរឿង “Squid Game” ទើបតែបញ្ចេញ Trailer ផ្លូវការដំបូងសម្រាប់វគ្គ២ ខណៈតួសម្ដែងសំខាន់ៗបានធ្វើដំណើរទៅផ្សព្វផ្សាយដល់ប្រទេសអ៊ីតាលី។
ផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំភាពយន្ត “Squid Game” លោក Hwang Dong Hyuk (វ៉ាង ដុង យុក) រួមជាមួយតួសម្ដែងសំខាន់ៗរួមមានតារាប្រុស Lee Jung Jae (លី ជុងជេ) និង Wi Ha Jun (វី ហាជុន) បានបង្ហាញខ្លួនរួមគ្នាក្នុងពិធីផ្សព្វផ្សាយជាសាកលសម្រាប់រដូវកាលទី២ នៃភាពយន្តនេះនៅទីក្រុង Lucca (លូកា) ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣១ ខែតុលា។
គួររំឭកថា ភាពយន្តភាគ “Squid Game” បានក្លាយជាភាពយន្តភាគដែលមានការទស្សនាច្រើនបំផុតរបស់ Netflix នៅពេលចេញរដូវកាលទី១ កាលពីឆ្នាំ២០២១ ខណៈត្រឹម ២៨ ថ្ងៃដំបូងក្រោយការចេញផ្សាយ គឺមានអ្នកចូលទស្សនាសរុប ១១១ លាននាក់ ជាមួយរយៈពេលទស្សនាសរុប ១៦៥០ លានម៉ោង។
សម្រាប់រដូវកាលទី២ ដែលត្រៀមចេញផ្សាយផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងមានការវិលត្រលប់របស់តួឯកប្រុសដែលសម្ដែងដោយ Lee Jung Jae មកចូលរួមប្រកួតប្រជែងក្នុងល្បែងដ៏គ្រោះថ្នាក់ក្នុងពិភព Squid Game ម្ដងទៀត បន្ទាប់ពីលោកគឺជាអ្នកលេងដែលរួចជីវិតតែម្នាក់គត់ក្នុងរដូវកាលមុន។
ទោះយ៉ាងណាក្នុងរដូវកាលថ្មីនេះ តួឯកប្រុសរបស់យើងបានត្រលប់មកម្ដងទៀតមិនមែនចង់ដណ្ដើមយកប្រាក់រង្វាន់រាប់លានដុល្លារនោះទេ ប៉ុន្តែគឺដើម្បីមកសងសឹក និងវែកមុខអ្នកនៅពីក្រោយការរៀបចំល្បែង Squid Game ដើម្បីនាំពួកគេទៅទទួលទោសតាមច្បាប់។
ក្រៅពី Lee Jung-jae និង Wi Ha-jun រដូវកាលទី២នេះនឹងមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនទៀតដូចជាសមាជិក Bigbang T.O.P, តារាសម្ដែង Lee Byung-hun (លី ប្យ៉ុងហុន), Yim Si-wan (អ៊ីម ស៊ីវ៉ាន), Kang Ha-neul (ខាង ហានឹល), Park Gyu-young (ផ័ក ឃ្យូយ៉ុង) និង Park Sung-hoon (ផ័ក សាំងហ៊ូន) ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន