ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

អារ៉ាប៊ីសាអូឌីត សម្ពោធស្ទូឌីយោ ៣០ ហិកតាស្វាគមន៍ផលិតករជុំវិញពិភពលោក

១៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ប្រទេសធំជាងគេនៅតំបន់មជ្ឈិមបូព៌ា គឺអារ៉ាប៊ីសាអូឌីតបានបើកសម្ពោធស្ទូឌីយោថតកុនថ្មីដែលមានទំហំរហូតដល់ ៣០ ហិកតា ក្នុងចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលថតកុនដ៏សំខាន់លើពិភពលោក។

 


ទីតាំងថ្មីដ៏សំខាន់សម្រាប់ការផលិតកម្មវិធីទូរទស្សន៍ និងភាពយន្តអន្តរជាតិបានបើកដំណើរការនៅក្នុងខែវិច្ឆិកានេះ នៅទីក្រុង Riyadh (រីយ៉ាដ) ប្រទេសអារ៉ាប៊ីសាអូឌីត។

 


មានឈ្មោះថា AlHisn Big Time Studios (អាល់ហ៊ីសិន ប៊ិកថែម ស្ទូឌីយោ) មជ្ឈមណ្ឌលថតកុនថ្មីនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍បច្ចេកវិទ្យាខ្ពស់ជាច្រើន ដោយរួមមានមានអគារស្ទូឌីយោទំនើបចំនួនប្រាំពីរ និងមជ្ឈមណ្ឌលផលិតកម្មដែលរួមមានបន្ទប់សិក្ខាសាលា និងបន្ទប់កាត់ត គ្របដណ្តប់លើផ្ទៃដីសរុប ៣ សែនម៉ែត្រការ៉េ ឬ ៣០ ហិកតា។

 


ការបើកសម្ពោធស្ទូឌីយោថ្មីនេះគឺជាផ្នែកមួយនៃការគាំទ្រចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានបំណងអភិវឌ្ឍព្រះរាជាណាចក្រមួយនេះឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលលោក។

 


រចនាឡើងដើម្បីទាក់ទាញក្រុមផលិតករទាំងនៅតំបន់អារ៉ាប់ និងអន្តរជាតិ ស្ទូឌីយោថ្មីនេះផ្តល់នូវធនធានដ៏ទូលំទូលាយដើម្បីកាត់បន្ថយថ្លៃដើមផលិត និងជំរុញកំណើនផលិតកម្មផងដែរ។

 


ខណៈមានរួមបញ្ចូលទាំងបច្ចេកវិទ្យាទំនើប និងការស្នាក់នៅដ៏ប្រណិតទៅក្នុងកញ្ចប់របស់ខ្លួន គោលដៅរបស់ AlHisn Big Time Studios គឺដើម្បីកំណត់ស្តង់ដារថ្មីសម្រាប់ការផលិតមាតិកានៅក្នុងតំបន់ និងពង្រីកតួនាទីផលិតកម្មក្នុងស្រុកនៅក្នុងតំបន់ទាំងមូល ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024