ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាចម្រៀងស្រីដ៏ល្បីរបស់អាមេរិក Ariana Grande បាននិយាយថានាងមិនចម្លែកចិត្តនោះទេ ដែលមានទស្សនិកជននិយាយថានាងមិនស័ក្ដិសមនឹងសម្ដែងភាពយន្តល្ខោនតន្ត្រី “Wicked” ខណៈដែលនាងធ្លាប់តែច្រៀងបទសម័យ។
តាមរយៈបទសម្ភាសក្នុងកម្មវិធី Sentimental Men Podcast តារាចម្រៀងប៉ុប Ariana Grande (អារីណា ក្រេនដេ) បានបើកចិត្តនិយាយអំពីសម្ពាធនៃការសម្ដែងជាតួអង្គ Glinda ក្នុងរឿង “Wicked” (វីកឃីត) ថានាងយល់ពីមូលហេតុដែលអ្នកគាំទ្ររឿងនេះចោទសួរថាហេតុអ្វីបានជានាងត្រូវបានជ្រើសរើសឱ្យសម្ដែងតួនេះ ព្រោះមនុស្សជាច្រើនប្រហែលជាធ្លាប់តែឃើញនាងច្រៀងបែបប៉ុប អ្នកខ្លះបានស្គាល់នាងតែតាមរយៈបទ “7 Rings” ជាជាងបែបល្ខោនតន្ត្រី។
មិនតែប៉ុណ្ណោះ ក្នុងនាមនាងជាអ្នកគាំទ្រល្ខោនតន្ត្រីរឿងនេះមួយរូបដែរ វាក៏កាន់តែធ្វើឱ្យនាងព្រួយបារម្ភថានាងអាចនឹងសម្ដែងខុសឆ្គងឬអត់។ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះនិយាយថា នាងពិតជារីករាយដែលបានជាប់ Audition ចូលសម្ដែងក្នុងរឿង Wicked ជាពិសេសទោះបីនាងជាតារាប៉ុបក្នុងវិស័យចម្រៀង ប៉ុន្តែនាងបានប្រើទេពកោសល្យ ការប្រឹងប្រែង និងជំនាញរបស់នាងដើម្បីសម្ដែង ក៏ដូចជាប្រើឱកាសនេះដើម្បីបញ្ជាក់ខ្លួនឯង ហើយធ្វើឱ្យមនុស្សមើលឃើញថា នាងអាចធ្វើអ្វីបានច្រើនទៀតក្រៅពីតន្ត្រី។
ក្រៅពី Ariana ភាពយន្ត “Wicked” ចូលរួមសម្ដែងដោយតារាស្រីអង់គ្លេស Cynthia Erivo, តារាប្រុសអង់គ្លេស Jonathan Bailey (ចូណាថាន់ ប៊េលលី) តារាស្រីម៉ាឡេស៊ី Michelle Yeoh (មី ឈេលយ៉ូ) និងតារាល្បីៗជាច្រើនទៀត ហើយគ្រោងនឹងចេញនៅបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកានេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន