ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Johnny Depp ទទួលបានពានរង្វាន់សម្រាប់ស្នាដៃពេញមួយជីវិត

១២ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

បន្ទាប់ពីស្ដារកេរ្តិ៍ឈ្មោះឡើងវិញបានក្រោយឈ្នះក្ដីជាមួយអតីតភរិយា អាជីពរបស់តារាសម្ដែង Johnny Depp ក៏បានស្ទុះឡើងវិញម្ដងទៀត ហើយថ្មីៗនេះលោកបានឈ្នះពានរង្វាន់ធំមួយពីមហោស្រពភាពយន្តក្រុងរ៉ូម សម្រាប់ស្នាដៃពេញមួយជីវិត។

 


តារាសម្តែងអាមេរិក Johnny Depp បានទទួលពានរង្វាន់ Lifetime Achievement Award សម្រាប់ស្នាដៃពេញមួយជីវិតរបស់លោកក្នុងវិស័យសិល្បៈហូលីវូដ នៅឯមហោស្រពភាពយន្តទីក្រុងរ៉ូម កាលពីពេលថ្មីៗ។


នៅលើវេទិកា Johnny Depp បានឡើងទទួលពានរង្វាន់ដោយមានតារាសម្តែងអ៊ីតាលី Riccardo Scamarcio (រីខាតូ ស្កាម៉ាឆូ) ជាអ្នកប្រកាសនិងប្រគល់ជូន។ គួរបញ្ជាក់ថា តារាសម្តែង Riccardo Scamarcio (រីខាតូ ស្កាម៉ាឆូ) គឺជាតួសម្តែងឯកក្នុងខ្សែភាពយន្ត “Modi - Three Days on the Wing of Madness" ដែលជាស្នាដៃដឹកនាំដំបូងរបស់ Johnny Depp សម្រាប់រយៈពេល២៥ឆ្នាំចុងក្រោយ  និងទើបតែត្រូវបានសម្ពោធបញ្ចាំងនៅមហោស្រពក្រុងរ៉ូមនេះតែម្ដង។

 

 

ភាពយន្តថ្មីនេះមានសាច់រឿងរៀបរាប់ពីវិចិត្រកអ៊ីតាលីឈ្មោះ Modi ដែលបានជួបប្រទះបញ្ហាផ្ទួនៗគ្នាក្នុងរយៈពេលត្រឹម៣ថ្ងៃកំលុងពេលមានសង្គ្រាមហែកហួរក្រុងប៉ារីសក្នុងឆ្នាំ ១៩១៦។

 

 

Johnny Depp បាននិយាយថា បើប្រៀបធៀបទៅ ជីវិតរបស់លោកនិងវិចិត្រក Modi ក៏ស្រដៀងគ្នាដែរ ខណៈអ្នកទាំងពីរបានឆ្លងកាត់ព្យុះភ្លៀងខ្លាំងបំផុតដែលពួកគេមិននឹកស្មានថានឹងកើតឡើងក្នុងជិវិត។

 

 

សម្រាប់ Johnny Depp ពេលវេលាពិបាកបំផុតសម្រាប់លោកគឺកាលដែលលោកត្រូវបានអតីតភរិយា Amber Heard ប្ដឹងផ្ដល់ថាបានប្រើអំពើហិង្សាលើរូបនាង ដែលធ្វើឱ្យអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោកធ្លាក់ដល់សូន្យអស់រយៈពេល ៦ ឆ្នាំ រហូតដល់ចុងឆ្នាំ២០២២ នៅពេលតុលាការសម្រេចឱ្យលោកឈ្នះក្ដី ទើបអាជីពរបស់លោកចាប់ផ្ដើមងើបឡើងវិញ។

 


ទោះយ៉ាងណា តារាវ័យ ៦១ឆ្នាំរូបនេះបានចែករំលែកថាលោកបានរៀនសូត្រមេរៀនជាច្រើនពីរឿងនេះ ហើយក៏មិនបានគុំកួនជាមួយគ្រប់គ្នាដែលបែរខ្នងដាក់លោកនៅពេលនោះដែរ ៕
 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024