ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាចម្រៀងនិងសម្ដែងអាមេរិក Jennifer Lopez បានបង្ហាញមោទភាពក្នុងការដើរតួជាអ្នកម្ដាយដ៏តស៊ូដើម្បីគាំទ្រកូនប្រុសពិការក្នុងភាពយន្តថ្មី ដកស្រង់ពីខ្សែជីវិតពិតរបស់កីឡាករពិការជើងដ៏ល្បីមួយរូប។
តារាសម្តែងអាមេរិក Jennifer Lopez និង Jharrel Jerome (ជែរេល ជើរ៉ូម) បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ សម្រាប់ពិធីសម្ពោធ និងបញ្ចាំងពិ សេសនៃខ្សែភាពយន្តបែបជីវប្រវត្តិថ្មីមានចំណងជើងថា "Unstoppable" ។
"Unstoppable" គឺជាសាច់រឿងដកស្រង់ពីជីវិតពិតរបស់កីឡាករបោកចំបាប់ Anthony Robles (អេនថូនី រ៉ូបលស៍) ដែលមានបញ្ហាពិការជើងពីកំណើត ប៉ុន្តែបានប្រឹងប្រែងជម្នះនឹងជោគវាសនារហូតក្លាយជាជើងឯកកីឡាចំបាប់ថ្នាក់ជាតិ។ ក្នុងនោះ តារាប្រុស Jharrel Jerome (ជែរេល ជើរ៉ូម) នឹងដើរតួជាកីឡាករខាងលើ ខណៈ Jennifer Lopez សម្ដែងជាតួម្ដាយ។
តារាប្រុសវ័យ ២៧ឆ្នាំ Jerome បានឱ្យដឹងថាដើម្បីសម្ដែងជាតួអង្គនេះបានល្អលោកបានចំណាយពេលហ្វឹកហាត់រយៈពេលជាច្រើនខែ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកីឡាករ Anthony Robles (អេនថូនី រ៉ូបលស៍) ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីជីវិតរបស់លោក។ចំណែកតារាចម្រៀងម្ចាស់បទ “On The Floor” ដែលសម្ដែងជាតួម្ដាយវិញក៏បានបង្ហាញពីអារម្មណ៍រំភើបដែរ ខណៈដែលតួអង្គម្ដាយឈ្មោះ Judy បានចូលរួមចំណែកដ៏សំខាន់ដើម្បីជួយឱ្យកូនប្រុសអាចបង្កើតក្រុមកីឡាចំបាប់ប្រចាំរដ្ឋ Arizona ហើយទីបំផុតបានក្លាយជាជើងឯក NCAA។
តួអង្គក្នុងជីវិតពិត គឺកីឡាករ Anthony និងអ្នកស្រី Judy ក៏បានចូលរួមការបញ្ចាំងលើកដំបូងនេះដែរ និងបាននិយាយថាពួកគេមានអារម្មណ៍រីករាយក្នុងការនាំយករឿងរ៉ាវរបស់ខ្លួនមកចាក់បញ្ចាំង ជាការបង្ហាញឱ្យពិភពលោកបានស្វែងយល់ពីភាពលំបាក និងវិធីសាស្ត្រយកឈ្នះជីវិតក្នុងចំណោមជនពិការ និងងាយរងគ្រោះ។ភាពយន្ត "Unstoppable" នឹងត្រូវចេញផ្សាយតាមរោងភាពយន្តមួយចំនួនចាប់ពីថ្ងៃទី៦ ខែធ្នូ មុនចាប់ផ្ដើមចាក់ផ្សាយអនឡាញនៅកម្មវិធី Prime Video នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥៕
ប្រែសម្រួល៖ វ៉ាន់ថន