ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

តារាល្បីៗអន្តរជាតិបង្អួតសម្រស់ក្នុងកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ  LACMA

១៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

កម្មវិធីរាត្រីសមោសរប្រចាំឆ្នាំរបស់សារមន្ទីរសិល្បៈទីក្រុង Los Angeles បានប្រមូលផ្ដុំទៅដោយវត្តមានសិល្បករល្បីៗជាច្រើននៅហូលីវូដ ខណៈអាចរៃអង្គាសថវិកាជាង ៦ លានដុល្លារដើម្បីជួយទ្រទ្រង់វិស័យភាពយន្ត។

 


តារាល្បីៗមកពីវិស័យភាពយន្ត ទូរទស្សន៍ និងចម្រៀងបានតុបតែងខ្លួនយ៉ាងស្រស់សោភាដើម្បីជួបជុំគ្នាសម្រាប់ព្រឹត្តិការណ៍ជប់លៀងសប្បុរសធម៌ប្រចាំឆ្នាំលើកទី ១៣ របស់សារមន្ទីរសិល្បៈនិងភាពយន្តទីក្រុង Los Angeles ហៅកាត់ LACMA កាលពីពេលថ្មីៗ។

 


ក្នុងចំណោមសិល្បករដែលបានចូលរួមក្នុងកម្មវិធីនោះមានដូចជាតារាទូរទស្សន៍ Kim Kardashian តារាសម្ដែង Blake Lively តារាសម្ដែង Andrew Garfield តារាសម្ដែង Viola Davis  តារាសម្ដែង Colman Domingo ព្រមទាំង តារាសម្ដែងកូរ៉េ Lee Jung-jae ដែលជាតួឯកក្នុងរឿង "Squid Game" ផងដែរ។ ក្រៅពីនេះ និពន្ធនាយកទស្សនាវដ្តី Vogue អាមេរិក គឺអ្នកស្រី Anna Wintour និងអ្នករចនាម៉ូដល្បីឈ្មោះលោក Law Roach ក៏បានចូលរួមក្នុងកម្មវិធីនេះដូចគ្នា។

 


ព្រឹត្តិការណ៍របស់ LACMA ឆ្នាំនេះបានផ្តល់ពានរង្វាន់កិត្តិយសដល់សិល្បករផ្នែកម៉ូដនិងចម្លាក់អ្នកស្រី Simone Leigh (សាយម៉ុន លី) និងអ្នកដឹកនាំរឿងសញ្ជាតិអូស្ត្រាលី លោក Baz Luhrmann (បាស លើមេន) ខណៈតារាចម្រៀង Charli XCX បានស្ម័គ្រចិត្តផ្តល់ការសម្តែងដ៏ពិសេសដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពរីករាយ។

 

 

យោងតាមសេចក្តីប្រកាសព័ត៌មានពីអ្នករៀបចំ កម្មវិធីឆ្នាំនេះអាចរៃអង្គាសប្រាក់បានជាង ៦,៤ លានដុល្លារ ដែលនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យភាពយន្ត ក៏ដូចជាបេសកកម្មផ្សេងៗទៀតរបស់សារមន្ទីរ ៕

 


 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024