ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
រយៈពេល ២០ ឆ្នាំក្រោយការបំផ្លិចបំផ្លាញនៃរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌាឆ្នាំ ២០០៤ នៅពេលនេះភាពយន្តឯកសារថ្មីមួយនឹងនាំទស្សនិកជនទៅទស្សនាកាន់តែស៊ីជម្រៅនូវគ្រោះមហន្តរាយធម្មជាតិមួយនេះ។
ភាពយន្តឯកសារថ្មីមានចំណងជើងថា "Tsunami: Race Against Time" នឹងនាំទស្សនិកជនទៅទស្សនាកាន់តែស៊ីជម្រៅនូវគ្រោះមហន្តរាយធម្មជាតិស៊ូណាមិដែលបានសម្លាប់មនុស្សជាង ២៣ ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេសចំនួនប្រាំបួន ទៀតកាលពីឆ្នាំ២០០៤។
ដឹកនាំដោយផលិតករអង់គ្លេស Daniel Bogado (ដាញែល បូហ្កាដូ) ភាពយន្តស៊េរីចំនួន ៤ ភាគមួយនេះនឹងផ្តោតលើរឿងរ៉ាវរបស់អ្នករស់រានមានជីវិត និងអ្នកដែលបានមើលឃើញសោកនាដកម្ម កើតឡើងនៅថ្ងៃអាទិត្យ ទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ ។
អ្នកស្រី Rachel Hearson (រ៉ាឆែល ហ៊ាសុន) ជាជនរងគ្រោះម្នាក់ដែលបានរួចជីវិតបានរៀបរាប់ថា នៅថ្ងៃកើតហេតុអ្នកស្រីនិងស្វាមីកំពុងវិស្សមកាលនៅកោះ Phi Phi ប្រទេសថៃ។ ជនរងគ្រោះមួយរូបទៀតគឺលោក Louis Mullan (ល្វីស មូឡាន) ដែលបានទៅវិស្សមកាលនៅប្រទេសថៃជាមួយគ្រួសាររបស់លោកដូចគ្នា។ ខណៈដែលលោក និងប្អូនប្រុសអាចរស់រានមានជីវិត ប៉ុន្តែឪពុកម្តាយរបស់លោកត្រូវស្លាប់នៅក្នុងគ្រោះមហន្តរាយនោះ។
គួរបញ្ជាក់ថា រលកយក្សស៊ូណាមិនេះត្រូវបានបង្កឡើងដោយការរញ្ជួយដីកម្រិត 9.1 រ៉ិចទ័រ នៅឯឆ្នេរសមុទ្រខេត្ត Aceh (អាឆេ) ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងរលកបោកបក់មានកម្ពស់រហូតដល់ 17.4 ម៉ែត្រ។ សហគមន៍មួយចំនួនត្រូវបានទឹករលកលេបត្របាក់ទាំងស្រុងក្នុងរយៈពេលតែប៉ុន្មានវិនាទី។
អ្នកដឹកនាំ Daniel Bogado បាននិយាយថាអ្នកស្រាវជ្រាវជាច្រើនដែលធ្វើការលើភាពយន្តឯកសារមួយនេះគឺជាអ្នកពាក់ព័ន្ធផ្ទាល់ក្នុងហេតុការណ៍ ដោយអ្នកខ្លះជាអ្នករួចជីវិត អ្នកខ្លះបានបាត់បង់សមាជិកគ្រួសារ ហើយពួកគេចូលរួមក្នុងការងារនេះដើម្បីចែករំលែករឿងរ៉ាវដែលពួកគេឆ្លងកាត់ ដើម្បីឧទ្ទិសដល់អ្នកបាត់បង់ជីវិត និងពង្រីកការយល់ដឹងអំពីគ្រោះថ្នាក់នៃរលកស៊ូណាមិ។ភាពយន្តឯកសារ "Tsunami: Race Against Time" នឹងចាក់បញ្ចាំងនៅលើប៉ុស្តិ៍ National Geographic និង App Disney+ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ វ៉ាន់ថន