ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ម្ចាស់មកុដ Miss Teen International 2024 លី មួយលាង និងម្ចាស់មកុដ Miss Teen Global 2024 សាន សំរិទ្ធកណ្ណិកា បណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីកម្មវិធីសម្រស់ធំមួយនៅឥណ្ឌូនេស៊ី ថែមទាំងត្រៀមឡើងបំពាក់មកុដឱ្យម្ចាស់ជយលាភីថែមទៀត។
ម្ចាស់មកុដថ្នាក់អន្តរជាតិរបស់ កម្ពុជា ២រូប គឺយុវតី លី មួយលាង Miss Teen International 2024 និង សាន សំរិទ្ធកណ្ណិកា Miss Teen Global 2024 កំពុងមានវត្តមានលើទឹកដីប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសក្នុងការកម្មវិធី Miss Teen Beauty Indonesia 2024។
ផ្តល់បទសម្ភាសន៍ជាមួយភីអិនអិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ កណ្ណិកា និង មួយលាង រំភើប និងមានមោទនភាពខ្លាំងណាស់ ដែលត្រូវបានអញ្ញើញឱ្យចូលរួមកម្មវិធីសម្រស់ធំជាងគេនៅឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់មកុដអន្តរជាតិ។
មិនត្រឹមតែជាភ្ញៀវកិត្តិយសពិសេសប៉ុណ្ណោះទេ កណ្ណិកា និង មួយលាង នឹងឡើងបំពាក់មកុដជូនម្ចាស់ជយលាភីកម្មវិធីសម្រស់ដ៏ធំនេះ ហើយក៏មានគម្រោងចុះទស្សនកិច្ចទីតាំងសំខាន់ៗក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីសិក្សាស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ និងការរស់នៅរបស់ប្រជាជននៅទីនោះផងដែរ។
បន្ថែមពីលើនោះ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិមេឌៀលោត បានសង្កត់ធ្ងន់ពីគោលបំណងនៃការបញ្ជូនម្ចាស់មកុដអន្តរជាតទាំង ២រូប ឱ្យចូលរួមកម្មវិធី Miss Teen Beauty Indonesia 2024។ លោកមានមោទនភាពចំពោះ មួយលាង និង កណ្ណិកា ខ្លាំងណាស់ ដែលអ្នកទាំងពីរមិនត្រឹមតែមានសមត្ថភាពខ្ពស់អាចដណ្តើមមកុដពីឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងទទួលកិត្តិយសអញ្ញើញឱ្យចូលរួមបំពាក់មកុដឱ្យជយលាភីកម្មវិធីសម្រស់ដ៏ធំនៅឥណ្ឌូនេស៊ីថែមទៀត ដែលនេះជាមោទនភាពដ៏ធំធេងសម្រាប់បវរកញ្ញាវ័យក្មេងកម្ពុជាយើង។
អ្នកគ្រប់គ្រងថ្នាក់ជាតិរូបនេះជឿជាក់ថា Miss Teen International 2024 និង Miss Teen Global 2024 នឹងធ្វើបានល្អសម្រាប់ដំណើរទស្សនកិច្ចលើកនេះ ហើយនាំផ្លែផ្កា និងភាពវិជ្ជមានមកកាន់កម្ពុជាវិញ។សូមជម្រាថា យុវតី លី មួយលាង និងយុវតី សាន សំរិទ្ធកណ្ណិកា ធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌូនេស៊ីរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ទាប់ពីនោះអ្នកទាំងពីរនឹងត្រឡប់មកបន្តថតភាពយន្តខ្នាតធំថ្មីជាមួយគ្នាវិញ ហើយក៏មានគម្រោងការងារថ្មីៗរៀងៗខ្លួនត្រៀមបង្ហាញជូនទស្សនិកជនផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច