ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

មិនជាប់ជយលាភីតែបុរសឯក ធា សុខតុលា ឈ្នះពានដ៏សំខាន់ពីការប្រកួត Man of The Year 2024 នៅ ថៃ 

១៩ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

 

ទោះមិនជាប់ចំណាត់ថ្នាក់ណាមួយក្នុងការប្រកួត Man of The Year 2024 តែបុរសឯក ធា សុខតុលា ដណ្តើមបានពានរង្វាន់ Best in Social Award ដែលជាពានដ៏ខំខាន់មួយ ពីការប្រកួតមួយនេះ។

 

 

 ក្នុងនាមជាបុរសឯកតំណាងប្រទេសកម្ពុជា កំលោះសង្ហាវ័យ ២២ឆ្នាំ ធា សុខតុលា ធ្វើឱ្យគ្រប់គ្នារំភើបចិត្ត ដោយលោកដណ្តើមបានពានរង្វាន់សំខាន់ៗពីការប្រកួតអន្តរជាតិ ជាមុខមាត់សម្រាប់កម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ តុលា ឆ្នាំ២០២៤ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Man of The Year 2024 ដែលរៀបចំឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលមានប្រទេសជាច្រើនបានចូលរួមប្រកួតប្រជែងនាឆ្នាំនេះ។

 

 

បុរសឯកតំណាងកម្ពុជារូបនេះ បានចូលរួមធ្វើសកម្មភាពជាច្រើនជាមួយបេក្ខភាពផ្សេងៗ ដោយបានបង្កើតអនុស្សាវរីយ៍ដ៏ល្អរវាងគ្នានិងគ្នា។ ដ្បិតតែមិនទទួលបានចំណាត់ថ្នាក់ណាមួយក្នុងការប្រកួតនេះ ប៉ុន្តែបុរសឯក ធា សុខតុលា បានឈ្នះពាន Best in Social Award ពីការប្រកួត Man of The Year 2024 បញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានល្អ។

 

 

Man of The Year Cambodia 2024 ឱ្យដឹងថា វាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់លោក ដែលបានតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Man of The Year 2024 ហើយបានចូលរួមធ្វើសកម្មភាពជាច្រើនជាមួយបេក្ខភាពផ្សេងៗ ជាពិសេសការភ្លក់អាហារតាមតំបន់ និងការដែលបានស្វែងយល់ពីវប្បធម៌ អរិយធម៌ និងរបៀបនៃការរស់នៅរបស់ប្រជាជននៅភូមិភាគខាងជើងផងដែរ។

 

 

លោកមិនសោកស្តាយចំពោះលទ្ធផលដែលទទួលនោះទេ ព្រោះយើងម្នាក់ៗត្រូវរៀនទទួលស្គាល់ការពិត ដែលសមត្ថភាពយើងនៅមានកម្រិត ប៉ុន្តែយ៉ាងណាលោកក៏សប្បាយចិត្តព្រោះការចូលរួមការប្រកួតនេះផ្តល់បទពិសោធន៍ជាច្រើនសម្រាប់លោក ដើម្បីយកទៅសិក្សារៀនសូត្រពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើងសម្រាប់ការចូលរួមឆ្នាំក្រោយៗ។ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ក្រុមហ៊ុន CIM និងបណ្តាអ្នកគាំទ្រទាំងអស់ដែលបានជួយគាំទ្ររូបលោកតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ចប់ការប្រកួត លោកសង្ឃឹមថា គ្រប់គ្នានឹងបន្តគាំទ្រសកម្មភាពការងារថ្មីៗរបស់លោកបន្តបន្ទាប់ទៀត ក្រោយត្រឡប់ពីប្រកួតនេះ។

 

 

គួររំឮកផងដែរថា កាលពីចុងឆ្នាំ២០២៣ កំលោះសង្ហា ធា សុខតុលា ធ្លាប់តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Mister International 2023 ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន ហើយជាលទ្ធផលលោកបានឈ្នះពាន Best in National Costume 2nd Runner up។ លុះឆ្នាំ២០២៤ លោកត្រូវបានក្រុមហ៊ុន Cambodia International Models ជ្រើសតាំងជា Man of The Year Cambodia 2024 ដើម្បីចូលរួមប្រកួតកម្មវិធី Man of The Year 2024 នៅប្រទេសថៃ ដោយលោកក៏ទទួលបានពានរង្វាន់ Best in Social Award ពីការប្រកួតលំដាប់អន្តរជាតិនេះផងដែរ៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024