ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ពិធីបុណ្យខ្មោចដ៏ល្បីល្បាញនៅលោកខាងលិច «Halloween» កំពុងទទួលការពេញនិយមពីយុវវ័យកម្ពុជា

៣១ តុលា ២០២៤ | កម្សាន្ដ

 

យុុវវ័យយ៉ាងច្រើនកុះករនាំគ្នាតុបតែងមុុខមាត់ និងឈុតសម្លៀកបំពាក់ប្លែកៗចូលរួមលេងកម្សាន្តកម្មវិធី Dystopia Halloween ដែលរៀបចំឡើងដើម្បីផ្តល់ភាពកម្សាន្តតាមពិធីបុណ្យខ្មោចដ៏ល្បីល្បាញនៅលោកខាងលិច Halloween។យុវវ័យយ៉ាងច្រើនកុះករនាំគ្នាគូសមុខមាត់ប្លែកៗគ្នា ជាមួយការតុបតែងឈុតសម្លៀកបំពាក់តាមតួអង្គដែលពួកគេចូលចិត្ត ដើម្បីចូលរួមលេងកម្សាន្ត Halloween ជាពិធីបុណ្យខ្មោចដ៏ល្បីល្បាញនៅលោកខាងលិច ដែលបានសាយភាយចូលមកកម្ពុជារយៈពេលច្រើនឆ្នាំមកហើយ។

 

 

សម្រាប់ឆ្នាំ២០២៤នេះផងដែរ ក៏មានការរៀបចំតុបតែងដេគ័រពិធីបុណ្យ Halloween ទ្រង់ទ្រាយធំ នៅទីតាំង Factory Phnom Penh កាលពីចុងសប្តាហ៍កន្លងទៅ ដែលអនុញ្ញាតឱ្យសាធារណជន ជាពិសេសយុវវ័យ បានចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដែលនេះក៏ជាការជួបជុំដ៏ធំមុនពិធីបុណ្យឆ្លងឆ្នាំសកលចូលមកដល់នាពេលឆាប់ៗខាងមុខ។

 

 

ក្រៅពីការតុបតែងដេគ័រប្លែកៗ ក៏មានពិធីជប់លៀង រាំលេងកម្សាន្ត និងថតរូប តាមបែបយុវវ័យនៃការនិយមចូលចិត្តពិធីបុណ្យ Halloween នេះ។ ក្នុងនោះ អ៊ីមភុសភ្នំពេញ ជាអង្គការដែលមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងបង្ហាញក្តីស្រលាញ់ចម្រុះពណ៌ឆ្ពោះទៅការបញ្ឈប់ការរើសអើង និងគាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នា ក៏បានចូលរួមចំណែកផ្តល់ភាពសប្បាយរីករាយនេះផងដែរ ដោយគ្រប់គ្នាបានគូសមុខមាត់ប្លែកៗ ដើម្បីថតរូប និងចូលរួមលេងកម្សាន្តក្នុងកម្មវិធី Dystopia Halloween យ៉ាងសប្បាយរីករាយទៀតផង។

 

 

មែនទែនទៅ ការដែល អ៊ីមភុសភ្នំពេញ ចូលរួមជាមួយកម្មវិធី Dystopia Halloween គឺដោយសារយើងចង់គាំទ្រឱ្យអ្នកស្រលាញ់ភេទដូចគ្នាមានឱកាសបានចូលរួមកម្មវិធីផ្សេងៗដូចសាធារណជនទូទៅ ជាការបង្ហាញឱ្យឃើញថា គ្រប់គ្នាមានសិទ្ធស៊េរីភាពស្មើរៗគ្នាក្នុងការបង្ហាញក្តីស្រលាញ់ចម្រុះពណ៌ដោយមិនមានភាពរើសអើង។ ម៉្យាងយើងក៏ចង់ឱ្យយុវវ័យយើងបានសាកល្បងទទួលបទពិសោធន៍ដ៏អស្ចារ្យពីពិធីបុណ្យខ្មោចដ៏ល្បីល្បាញនៅលោកខាងលិចផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក គង់ គីមហុក ប្រធានអង្គការ អ៊ីមភុសភ្នំពេញ និង លោក ឃុត សុភា អនុប្រធាននៃគម្រោង អ៊ីមភុសភ្នំពេញ។

 

 

អ្នកចូលរួមយ៉ាងច្រើនកុះករបានទទួលភាពសប្បាយរីករាយយ៉ាងពេញទំហឹង ដោយបានទស្សនាការសម្តែងពិសេសរបស់សិល្បករ-សិល្បការនីល្បីៗដូចជា ថេណា យូហៃ និងការសម្តែង show ពិសេសរបស់ក្រុម Drug Queen ថែមទៀតផង។ ទាំងនេះជាបទពិសោធននៃពិភពក្នុងអនាគតដែល អ៊ីមភុសភ្នំពេញ បានចូលរួមជាចំណែកក្នុងការផ្តល់ភាពសប្បាយរីករាយនេះជាមួយអ្នកចូលរួម។

 

 

គួររំឮកផងដែរថា ជារឿងយៗ អ៊ីមភុសភ្នំពេញ តែងតែចូលរួមជាផ្នែកក្នុងកម្មវិធីកម្សាន្តសប្បាយផ្សេងៗដែលរៀបចំឡើងក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់លើការកម្ពស់សហគមន៍ LGBTQ+ នៅកម្ពុជា។ ក្រៅពីលោក អ៊ីមភុស ក៏រៀបចំបង្កើតកម្មវិធីសប្បាយផ្សេងៗដោយខ្លួនឯង ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាបានបង្ហាញភាពជាខ្លួនឯងទៅកាន់មនុស្សជុំវិញខ្លួនថែមទៀតផង។ មិនចប់ត្រឹមប៉ុណ្ណឹងឡើយ ក៏មានគម្រោងផ្សេងៗទៀតត្រៀមធ្វើឡើងនៅឆ្នាំក្រោយ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025