ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

សហរដ្ឋអាមេរិករៀបចំពិធីប្រកួតបរិភោគផ្លែម្ទេសហឹរបំផុតនៅលើលោក

២១ តុលា ២០២៤ | កម្សាន្ដ



រដ្ឋផឹនស៊ីលវេនៀបានរៀបចំពិធីប្រកួតបរិភោគផ្លែម្ទេសដែលចូលរួមដោយបេក្ខជនរាប់សិបនាក់ សុទ្ធតែជាអ្នកខ្លាំងៗខាងស៊ូទ្រាំនឹងរសជាតិហឹរខ្លាំង។ ពិធីនេះត្រូវគេដាក់ឈ្មោះថាកម្មវិធីប្រកួតរកជើងឯកខាងបរិភោគម្ទេសហឹរញាក់សាច់ទាំងដប់ប្រភេទ។

 

 

 

គេឃើញថាបេក្ខជនទាំងអស់អង្គុយទំពាផ្លែម្ទេសគ្រួបៗដែលសុទ្ធតែជាម្ទេសមានរសជាតិហឹរផុតលេខនៅក្នុងលោក។ ក្នុងចំណោមនោះមានផ្លែម្ទេសឈ្មោះ «ម្ទេសខ្មោច ឬហ្គោសផឹបផឺ (Ghost Peppers) និងខារ៉ូឡាយណា.រីបផឺ (Carolina Reapers)ផងដែរ។ នេះជាការប្រកួតប្រជែងដ៏ស្វិតស្វាញណាស់ព្រោះមនុស្សធម្មតាៗមិនអាចស៊ូទ្រាំបានឡើយ។

 

 

 

នៅក្នុងចំណោមបេក្ខជនទាំងម្ភៃនាក់ មានតែលោករ៉ាចមូឌូ (Raj Muddu)ប៉ុណ្ណោះដែលអាចស៊ូទ្រាំបានយូរជាងគេ។ ដូច្នេះ គាត់ទទួលជ័យជម្នះ និងទទួលបានខ្សែក្រវាត់ជើងឯក។ គាត់ប្រាប់ថាម្ទេសដែលគេយកមកឲ្យបេក្ខជនបរិភោគនៅឆ្នាំនេះរាងហឹរជាងឆ្នាំមុន។ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការប្រកួត៧ដង បើសម្រាប់រូបគាត់ គាត់យល់ថារសជាតិមិនខុសគ្នាទេ។ គាត់អាចនៅបន្តការប្រកួតដោយគ្មានបញ្ហា ហើយអាចញ៉ាំម្ទេសហាសិបផ្លែបន្ថែមទៀតដោយគ្មានបញ្ហា។ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះដប់ដងមុននឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ។

 

 

ឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយទៀត កម្រិតជាតិហឹរនៃផ្លែម្ទេសកាន់តែខ្ពស់ជាលំដាប់។ ម្ទេសដែលហឹរផុតលេខឈ្មោះ «ទ្រីនីដាត.ម៉ូរូហ្កា.ស្ករភៀន» (Trinidad Moruga Scorpion) ត្រូវគេយកទៅធ្វើជាវិញ្ញាសាប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមតំណែងជើងឯក។ រសជាតិរបស់វាពោរពេញដោយភាពហឹរក្ដៅពេញមាត់៕

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024