ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

តារាថៃល្បីៗជាប់ឈ្មោះជាជនសង្ស័យករណីជំនួញអនឡាញបោកប្រាស់ខ្នាតធំ

១៤ តុលា ២០២៤ | កម្សាន្ដ

 

 

តារាជួរមុខថៃ រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន The iCon សរុប ៦ នាក់ត្រូវបានជាប់ឈ្មោះជាជនសង្ស័យ ខណៈជនរងគ្រោះ ៨០០ នាក់បានដាក់ពាក្យប្ដឹងពីបទឆបោកទឹកប្រាក់សរុប ៨លានដុល្លារ។

 

 

ករណីក្រុមហ៊ុនលក់ផលិតផលអនឡាញ The iCon Group (ឌិ អាយខន់ គ្រុប) កំពុងក្លាយជាប្រធានបទក្ដៅគគុកក្នុងប្រទេសថៃដោយគិតត្រឹមល្ងាចថ្ងៃទី១៣ ខែតុលា មានជនរងគ្រោះ ៨០០ នាក់បានដាក់ពាក្យបណ្ដឹងជាមួយទំហំទឹកប្រាក់ខាតបង់សរុបចូលគ្នា ២៦៦ លានបាត ស្មើនឹង ៨​ លានដុល្លារអាមេរិក។

 

 

យោងតាមសេចក្ដីរាយការណ៍ពី Thairath ជនជាប់ចោទចំនួន ៦នាក់ដែលកំពុងរងបណ្ដឹងរួមមាននាយកក្រុមហ៊ុន Boss Pual (បស ផល), ពិធីករ Kantathavorn (កាន់ កាន់ថៈថាវ៉ន), តារាសម្ដែង Sam Yuranant (សេម យុរ៉ាណាន់), តារាសម្ដែង Min Pechaya (មីន ភីឆាយ៉ា) និងថ្នាក់ដឹកនាំ ២រូបទៀតឈ្មោះ Boss Ek និង Boss Peter។

 

 

គួរបញ្ជាក់ថាក្រុមហ៊ុន The iCon កំពុងរងការចោទប្រកាន់ថាជាគម្រោងពីរ៉ាមីត បោកបញ្ឆោតមនុស្សឱ្យកាត់ស្តុកផលិតផល​ប៉ុន្តែ​មិនអាចលក់ចេញបាន ដោយមាន Influencer ល្បីឈ្មោះ Boss Paul ជានាយកប្រតិបត្តិ តារាសម្ដែង Sam Yuranunt ជានាយក​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល ពិធីករ Kan ជានាយកផ្នែកទីផ្សារ ហើយតារាសម្ដែង Min Pechaya ជានាយកផ្នែកទំនាក់ទំនង ស្របពេល​តារាសម្ដែង Boy-Pakorna (ប៊យ ប៉ាកន), Pong Nawat (ប៉ង់ ណាវ៉ាត់), Weir Sukollawat (វៀ ស៊ុកុនឡាវ៉ាត់) និង Dome-Pakorn Lam (ដូម ប៉ា កន ឡាំ) ធ្លាប់ជាអ្នកផ្សព្វផ្សាយ។

 

 


បើកដំណើរការកាលពីឆ្នាំ២០១៩ ក្រុមហ៊ុនលក់ផលិតផលសម្រស់និងអាហារបំប៉នមួយនេះអាចរកចំណូលបានសរុប ៣១៩ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំកន្លងមក ប៉ុន្តែ​ថ្មីៗនេះមានតំណាងចែកចាយជាច្រើនបានចេញមុខចោទប្រកាន់ថាពួកគេត្រូវបានក្រុមហ៊ុនបោកបញ្ឆោតរហូតអស់ទ្រព្យពីខ្លួន។ 

 


មិនត្រឹមតែដំណើរការក្នុងប្រទេសថៃ ប៉ុន្តែក្រុមហ៊ុន The iCon Group ក៏កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសផ្សេងៗរួមមានកម្ពុជា ឡាវ និងជប៉ុនផងដែរ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃច័ន្ទ សមត្ថកិច្ចថៃមិនទាន់ទទួលបានបណ្ដឹងពីជនរងគ្រោះក្រៅប្រទេសនោះទេ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025