ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

២៣ តុលា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមហ៊ុន Shanghai Geoharbour Group ដែលមានបទពិសោធន៍ចូលរួមសាងសង់ គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី បានចាប់អារម្មណ៍វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

 

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាជាមួយលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group ដែលជាក្រុមហ៊ុនសក្តានុពលមួយ មានបទពិសោធន៍ចូលរួមសាងសង់ គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។

 


ជាក់ស្តែង ក្រុមហ៊ុនខាងលើនេះ បាននិងកំពុងចូលរួមក្នុង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ខណៈតំណាងក្រុមហ៊ុន បានបង្ហាញពី ការចាប់អារម្មណ៍វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

 


ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ស្វាគមន៍ការមកដល់របស់ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា ហើយឯកឧត្តម បានបង្ហាញជូនគណៈប្រតិភូអំពី គម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ។

 


សូមរម្លឹកថា នៅក្នុងរយៈពេល ១ឆ្នាំនៃអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៩១គម្រោង ដែលមានទំហំទឹកប្រាក់ជាង ៧ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦១% ដោយការវិនិយោគពីចិន ឈរនៅលំដាប់លេខ ១ មានចំណែកប្រមាណ ៦១% នៃទុនវិនិយោគសរុប ខណៈទុនវិនិយោគក្នុងស្រុក មានចំណែក ៣២% និងការវិនិយោគមកពីបណ្តាប្រទេស ១៧ផ្សេងទៀត មានចំណែក ៧%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024