ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សមាគមស្បែកជើងកម្ពុជា បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

២២ តុលា ២០២៤ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សមាគមស្បែកជើងកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ ដ៏សម្បូរបែបជូនប្រជាពលរដ្ឋ។

 

 

នៅក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់ សមាជិកសមាគមស្បែកជើងកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកឡើងថា សមាគមស្បែកជើងកម្ពុជា បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវការងារបន្ថែមជូនប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។

 


វិស័យកម្មន្តសាល ដែលមានរួមទាំងការផលិតផលិតផលស្បែកជើងផងដែរនោះ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយទទួលបាននូវកំណើនប្រមាណ ២០% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៥,៦ពាន់លានដុល្លារ តួលេខនេះ បានបង្ហាញពីការរីកចម្រើនក្នុងវិស័យផលិតស្បែកជើងនៅកម្ពុជា។

 


បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឱ្យអ្នកវិនិយោគពីប្រទេសនានា មកបន្តបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនតាមរយៈច្បាប់វិនិយោគថ្មី ដែលទើបនឹងអនុម័តដាក់ឱ្យអនុវត្តនាឆ្នាំកន្លងទៅ។

 


លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនិញ និងផលិតផលទាំងអស់ដែលផលិតនៅកម្ពុជា អាចនាំចេញទៅទីផ្សារដែលមានប្រជាជនប្រមាណ ២៥០លាននាក់ នៅក្នុងមហាអនុតំបន់មេគង្គ និងប្រមាណ ៦៣០លាននាក់ នៅក្នុងតំបន់អាស៊ាន។

 


ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញភាពជឿជាក់ថា កម្មវិធីជួបជុំគ្នានាឱកាសនេះ នឹងចូលរួមផ្សព្វផ្សាយ និងចែករំលែកអំពីឱកាសវិនិយោគនៅកម្ពុជាទៅដល់ បណ្តាក្រុមហ៊ុន និងវិនិយោគិនបរទេសផ្សេងទៀតដែលមានបំណងចង់ចូលមកបោះទុនវិនិយោគនៅកម្ពុជា  ជាពិសេសការវិនិយោគលើការបើករោងចក្រផលិតស្បែកជើក  និងរោងចក្រផលិតផលិតផលផ្សេងៗទៀត។ 


សូមជម្រាបថា បើយោងតាមប្រធានសមាគមស្បែកជើងកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ ទំហំនាំចេញស្បែកជើងសរុបមានចំនួនលើសពី ១,៣ពាន់លានដុល្លារអាម៉េរិក ហើយចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ទំហំនាំចេញសម្រេចបាន ១,២ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងជាង ២០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងព័ត៌មាន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024