ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

កម្ពុជា ផ្សព្វផ្សាយផលិតផលកសិកម្មសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ

២៣ តុលា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កម្ពុជា កំពុងបន្តផ្សព្វផ្សាយផលិតផលកសិកម្មសក្តានុពល ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈពិព័រណ៍ SIAL Paris ដែលមានអ្នកចូលរួមកមកពីរាប់រយប្រទេស។

 

 

នាថ្ងៃទី១៩ ខែតុលា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានចូលរួមទស្សនកិច្ចកម្មវិធីពិព័រណ៍ SIAL Paris ដែលមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ប្រមាណជាង ៧.៥០០ ស្តង់មកពីបណ្តាប្រទេសនៃតំបន់ជាច្រើនរួមមាន៖ អាស៊ី អឺរ៉ុប អាម៉េរិក និងអាហ្វ្រិក និងមានអ្នកចូលរួមប្រមាណ ២៨៥.០០០នាក់។

 


នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា ក៏បានធ្វើការជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ក្នុងគោលបំណងលើកបង្ហាញអំពី ផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទី។

 

 

ក្នុងព្រឹត្តិការណ៍ខាងលើនេះ សហគ្រិនកម្ពុជា ដែលចូលរួមនាឱកាសនោះ  រួមមាន សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទី ក្រុមហ៊ុន Ample Agro Product ក្រុមហ៊ុន Khmer Organic និងក្រុមហ៊ុនជាច្រើនទៀត។

 


ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានដឹកនាំសមាជិកចំនួន ១២ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និង អង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅ ប្រទេសចិន។ 

 


សូមជម្រាបដែរថា កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧.៨០០ក្រុមហ៊ុន មកពី ១៣០ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤សែនប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ និងមានអ្នកទស្សនាប្រមាណ ២៨ម៉ឺននាក់ មកពីជាង ២០០ប្រទេស ដែលក្នុងនោះក្រុមហ៊ុនអន្តរជាតិលំដាប់ធំៗ ចំនួនជាង ៨.០០០ក្រុមហ៊ុន ដែលមានសមត្ថភាពទិញក្នុងទំហំទឹកប្រាក់ ៥០ប៊ីលាន អឺរ៉ូ ឬប្រមាណ ៥៤ប៊ីលានដុល្លារអាមេរិក ក៏បានចូលរួមផងដែរ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ + ក្រសួងពាណិជ្ជកម្ម

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024