ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

កម្ពុជា សម្រេចនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូជិត ៤០០លានដុល្លារ ក្នុងរយៈពេល ៩ខែ

២២ តុលា ២០២៤ | សេដ្ឋកិច្ច

 

របាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ៣៩៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រភពដដែលបញ្ជាក់ថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូ គិតត្រឹមខែកញ្ញានេះ មានប្រមាណ ២៤ម៉ឺនតោន ខណៈការបញ្ចេញលក់ឈើកៅស៊ូ មាន ១ម៉ឺន ៦ពាន់ម៉ែត្រគីប។

 


គិតក្នុងរយៈពេល ៩ខែនេះ ជ័រកៅស៊ូមានតម្លៃជាមធ្យម ១.៥៦៥ដុល្លារក្នុងមួយតោន កើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា មានតម្លៃ ២៨៩ដុល្លារក្នុងមួយម៉ែត្រគីប។

 


បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ៣២ម៉ឺនហិកតា ឬប្រមាណ ៧៨% នៃផ្ទៃសរុប ខណៈផ្ទៃដីថែទាំមានជាង ៨ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២ម៉ឺនហិកតា ខណៈផ្ទៃដីកៅស៊ូគ្រួសារ មានជាង ១៨ម៉ឺនហិកតា។

 


គួររម្លឹកដែរថា ក្នុងឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញកសិផលបាន ក្នុងតម្លៃទឹកប្រាក់ជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក ជាមួយនឹងបរិមាណជាង ៨,៥លានតោន ដោយទំនិញសំខាន់ៗរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច ស្វាយចន្ទី ជាដើម៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024