ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់៖ ខេត្តកែប ត្រូវសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបម្រើដល់វិស័យទេសចរណ៍

២៣ តុលា ២០២៤ | សេដ្ឋកិច្ច

 

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ ដើម្បីទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ទ្រទ្រង់កំណើនសេដ្ឋកិច្ច រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៥០ ។

 

 

 

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានលើកឡើងថា ខេត្តកែបជាទីក្រុងទេសចរណ៍ ដូចនេះ មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។

 

 


ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបន្តថា ខេត្តកែប ជាខេត្តដែលមានសក្តានុពល លើវិស័យទេសចរណ៍ ដូច្នេះ រាល់ការអភិវឌ្ឍន៍ខេត្តត្រូវផ្តោតសំខាន់ ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាង កន្លងមកខេត្តកែប សម្រេចបានជាបណ្តើរៗ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ ២.៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោល មានប្រវែងប្រមាណជាង ១២គីឡូម៉ែត្រ ទីលានចាក់សំរាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោងផ្លូវជិះកង់ ពីខេត្តកែប ទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍។

 

 


សូមជម្រាបថា បើយោងតាមអភិបាលខេត្តកែប បានឲ្យដឹងថា ខេត្តកែប នៅតែបន្តអនុវត្តបណ្តាសកម្មភាពជាអាទិភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកៀងគរដៃគូអភិវឌ្ឍន៍នានាមកអភិវឌ្ឍន៍ខេត្ត ដើម្បីបង្កើនមុខរបរនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕
 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024