ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

រយៈពេល ៣ត្រីមាស អាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៧,៨ពាន់លានដុល្លារ

២២ តុលា ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងរយៈពេល ៣ត្រីមាស ដើមឆ្នាំ ២០២៤នេះ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង ៧,៨ពាន់លានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 

 

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ ទីផ្សារអាមេរិកជាង ៧ពាន់ ៦រយលានដុល្លារអាមេរិក ហើយ កម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ១៩៣លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៧ពាន់ ៤រយលានដុល្លារអាមេរិក និងធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។

 


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា នាំចេញផលិតផលភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម និងបាននាំចូលពី សហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

 


បើគិតលើទំហំពាណិជ្ជកម្មសរុប យើងឃើញថា ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសចិន ឈរនៅលំដាប់ទី ១ មានទំហំទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញជាង ១ពាន់២រយលានដុល្លារ និងនាំចូលពីចិនមកវិញជាង ៩ពាន់ ៨រយលានដុល្លារអាមេរិក។

 


ស្របគ្នានេះ ពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ឈរនៅលេខរៀងទី ៣ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៥ពាន់ ៨រយលានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញទៅកាន់វៀតណាម ២ពាន់ ៧រយលានដុល្លារអាមេរិក និងនាំចូលមកវិញ ៣ពាន់លានដុល្លារអាមេរិក។

 


ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។គួរជម្រាបថា រយៈពេល ៩ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៤១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024