ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

សភាសហភាពអឺរ៉ុបបានអនុម័តទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រហែល ៣៨ ពាន់លានដុល្លារ

សភាសហភាពអឺរ៉ុបបានបើកសម័យប្រជុំពេញអង្គនៅក្នុងទីក្រុងស្ត្រាបួ (Strabourg) ប្រទេសបារាំង កាលពីថ្ងៃអង្គារដើម្បីអនុម័តផ្ដល់កម្ចីចំនួន ៣៥ ពាន់លានអឺរ៉ូប្រហែល ៣៨ ពាន់លានដុល្លារដល់សម្ពន្ធមិត្តរបស់ខ្លួនគឺអ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលអឺរ៉ុបបានរឹបអូសក្នុងពេលកន្លងមក។

 

 

សមាជិកសភាចំនួន ៥១៨នាក់បានបោះឆ្នោតគាំទ្រ ហើយចំនួន ៥៦ បោះឆ្នោតជំទាស់ ខណៈដែល ៦១ នាក់ទៀតមិនបានបោះឆ្នោតទេសម្រាប់ការផ្ដល់កម្ចីដល់ទីក្រុងកៀវនេះ។ ហើយការអនុម័តនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាអំពីផែនការនេះកាលពីដើមខែតុលា។

 

 

ក្រុមប្រទេសជី៧គ្រោងនឹងផ្តល់ប្រាក់កម្ចីសរុបចំនួន ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយប្រាក់កម្ចីទាំងនេះគឺជាចំណូលដែលបានមកពីការផ្ដល់សេវាកម្មនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបស្ចិមលោកបានបង្កកទុកភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022។

សូមបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រមាណ ២១០ ពាន់លានអឺរ៉ូត្រូវបានបង្កកទុកនៅសហភាពអឺរ៉ុបទាំង២៧ប្រទេស ប៉ុន្តែភាគច្រើនបំផុតគឺនៅប្រទេសបែកហ្ស៊ិក។ កាលពីថ្ងៃចន្ទ ប្រទេសអង់គ្លេសក៏បានប្រកាសថា ខ្លួននឹងផ្ដល់កម្ចីចំនួន ២.២៦ ពាន់លានផោនប្រហែល ២.៩ ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024