ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

អាម៉េរិកនិយាយថា វាជាទង្វើដ៏គ្រោះថ្នាក់ដែលកូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយប្រទេសរុស្ស៊ី

 


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី បានចោទក្រុងព្យុងយ៉ាងថាបានរៀបចំបញ្ជូនទាហាន១ម៉ឺននាក់ទៅប្រទេសរុស្ស៊ីដើម្បីជួយប្រទេសរុស្ស៊ីនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃទី១ ខែវិច្ឆិកាក្នុងពេលខាងមុខ។ ចំណែកទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយកាលពីសប្ដាហ៍មុនថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពពិសេសចំនួន ១ ៥០០ នាក់ទៅកាន់តំបន់ចុងបូព៌ានៅប្រទេសរុស្ស៊ីសម្រាប់ហ្វឹកហ្វឺននៅតាមមូលដ្ឋានទ័ពនៅទីនោះ ហើយថាទាហានទាំងនេះទំនងជានឹងត្រូវបញ្ជូនទៅជួយប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។

 

 

លោក រ៉ូប៊ឺត វូដ (Robert  Wood) ឯកអគ្គរដ្ឋទូតរងរបស់អាម៉េរិកប្រចាំសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទថា ប្រសិនបើការអះអាងនេះពិតប្រាកដមែន វានឹងបង្ហាញពីព្រឹត្តិការណ៍វិវឌ្ឍន៍ដ៏គ្រោះថ្នាក់ និងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏បង្ហាញពីការរឹតចំណងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីកាន់តែស៊ីជម្រៅផងដែរ។

 

 

 

លោក វូដ បានបន្ថែមថា សហរដ្ឋអាម៉េរិកនឹងពិភាក្សាជាមួយនឹងសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីផលប៉ះពាល់នៃទង្វើដ៏គួរឱ្យគ្រោះថ្នាក់បែបនេះ។

 

 

វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទបានបដិសេធឆ្លើយដោយផ្ទាល់ចំពោះបញ្ហានេះ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024