ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

បទចម្រៀង One Direction ផ្ទុះកក្រើកម្ដងទៀតក្រោយការស្លាប់របស់ Liam Payne

២២ តុលា ២០២៤ | កម្សាន្ដ

បទចម្រៀងជាច្រើនបទរបស់ក្រុម One Direction បានទទួលការស្ដាប់ប្រចាំថ្ងៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្រោយការស្លាប់របស់សមាជិក Liam Payne កាលពីសប្ដាហ៍កន្លងទៅ។


អ្នកគាំទ្រទូទាំងពិភពលោកបានបង្ហាញក្ដីនឹករឭកនិងសោកស្ដាយចំពោះការចាកចេញភ្លាមៗរបស់តារាចម្រៀងអង់គ្លេស Liam Payne (លៀម ផេន) ដោយបានចូលស្ដាប់បទចម្រៀងរបស់លោកទាំងបទទោល និងបទចម្រៀងក្នុងក្រុម One Direction រហូតធ្វើឱ្យបទជាច្រើនត្រលប់មកជាប់ចំណាត់ថ្នាក់កំពូលជាថ្មីលើវេទិកាស្ដាប់ចម្រៀង Spotify។

 


មុនពេលមរណភាពរបស់លោកកាលពីសប្តាហ៍មុន Liam Payne មានអ្នកស្តាប់ប្រចាំខែ ៤,៧ លាននាក់នៅលើកម្មវិធី Spotify ប៉ុន្តែចំនួននោះបានកើនឡើងជិតទ្វេដងរហូតដល់ ៨ លាននាក់នៅពេលនេះ។ លើសពីនេះ បទចម្រៀងដំបូងរបស់លោកមានចំណងជើងថា "Strip That Down" ដែលចេញកាលពីឆ្នាំ ២០១៩ បានទទួលការស្ដាប់បន្ថែមជាង ៨ សែនដង។

 


តួលេខនេះក៏កំពុងកើនឡើងដែរសម្រាប់ក្រុម One Direction ដែលធ្លាប់មានអ្នកស្តាប់ប្រចាំខែខ្ទង់ ៤២ លាននាក់ តែឥឡូវនេះឡើងដល់ជិត ៥០ លាននាក់ ខណៈបទចម្រៀងកំពូលៗទាំង ៣ របស់ពួកគេ ដូចជាបទ "Night Changes" "Story of My Life" និងបទ "What Makes You Beautiful" សុទ្ធសឹងទទួលបានការស្ដាប់បន្ថែមពី ១៣ ទៅ ១៧ លានដងទៀតក្នុងសប្ដាហ៍ចុងក្រោយ។

 


គួរកត់សម្គាល់ថា មួយថ្ងៃបន្ទាប់ពីការស្លាប់របស់ Liam Payne គឺនៅថ្ងៃទី១៧ ខែតុលា បទចម្រៀងរបស់ One Direction បានទទួលការចូលស្ដាប់សរុបរហូតដល់ ៥៧,៥ លានដង ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បើទោះបីអ្នកគាំទ្រជាច្រើនបានបង្ហោះសារលើបណ្ដាញសង្គមថាពួកគេមិនទាន់អាចស្ដាប់បទចម្រៀងរបស់លោកនៅឡើយទេ ព្រោះរន្ធត់ចិត្តខ្លាំងពេក។

 


ផ្អែកតាមសេចក្ដីរាយការណ៍កន្លងមក តារាចម្រៀង Liam Payne បានទទួលមរណភាព ក្រោយធ្លាក់ពីរានហាលសណ្ឋាគារជាន់ទី៣ ក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី១៦ ខែតុលា។ លទ្ធផលកោសល្យវិច័យបានបង្ហាញថាក្នុងរាងកាយរបស់លោកមានផ្ទុកសារធាតុញៀនដូចជាកូកាអ៊ីន និង Crack នៅពេលស្លាប់ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024