ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

បង្ហាញចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះក្រុមចម្រៀងខេប៉ុបនារីប្រចាំខែតុលា

១៦ តុលា ២០២៤ | កម្សាន្ដ

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េបានចេញផ្សាយចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ក្រុមចម្រៀងនារី K-POP ទាំងអស់សម្រាប់ខែតុលា ឆ្នាំ ២០២៤ កាលពីពេលថ្មីៗដោយផ្អែកលើការវិភាគទិន្នន័យប្រមូលបានក្នុងមួយខែកន្លងទៅពាក់ព័ន្ធការចូលស្ដាប់និងទស្សនាចម្រៀង ទំនាក់ទំនងសាធារណៈ ការលេចមុខ លេចឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយ និងការ Search រកលើបណ្ដាញអ៊ីនធឺណិតនានា។

 

 

ក្នុងនោះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Le Sserafim (ឡឺ សឺរ៉ាហ្វីម) ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះសរុប ៤,៨៨ លានពិន្ទុ ពោលគឺកើនឡើង ៣៧ ភាគរយធៀបនឹងខែមុន។ ពាក្យគន្លឹះពេញនិយមពាក់ព័ន្ធ Le Sserafim ដែលមានអ្នក Search រកច្រើនជាងគេមានដូចជាពាក្យ “CRAZY” “College Festival” និងពាក្យ “Career High” ខណៈបទចម្រៀងចុងក្រោយរបស់ពួកគេគឺបទ “CRAZY” កំពុងមានភាពល្បីល្បាញ ហើយការសម្ដែង Tour តាមសាកលវិទ្យាល័យក៏ទទួលបានការគាំទ្រដូចគ្នា។

 

 

ចំណែកក្រុម aespa បានចុះមកចំណាត់ថ្នាក់លេខ២ ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះប្រកៀកប្រកិតចំនួន ៤,៨៤ លានពិន្ទុ ខណៈសមាជិកទាំង ៤ កំពុងមមាញឹកក្នុងការធ្វើដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “PARALLEL LINE” ព្រមទាំងបានបញ្ចេញបទចម្រៀងទោលម្នាក់១បទកាលពីពេលថ្មីៗ។ចំណាត់ថ្នាក់លេខ៣ គឺក្រុមចម្រៀង IVE (អាយហ្វ៍) ក៏ទទួលបានពិន្ទុខ្ពស់ប្រហាក់ប្រហែលគ្នាគឺ ៤,៦៨ លានពិន្ទុ។ 

 

 

ត្បិតថាពេលនេះសមាជិកម្នាក់ៗបានចែកគ្នាចេញទទួលការងារផ្នែកហ្វេសិន ការងារ MC និងផ្សាយពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែពួកគេក៏បានចេញបញ្ចាំងភាពយន្តឯកសារពីការប្រគំតន្ត្រីដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ មានចំណងជើងថា “IVE THE 1ST WORLD TOUR in CINEMA : SHOW WHAT I HAVE”។

 


ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានក្រុម BLACKPINK ជាប់លេខ៤ ក្រុម FIFTY FIFTY ជាប់លេខ៥ ក្រុម TWICE ជាប់លេខ៦ ក្រុម (G)I-DLE ជាប់លេខ៧ ក្រុម Red Velvet ជាប់លេខ៨ ក្រុម Girls’ Generation ជាប់លេខ៩ និងក្រុម MAMAMOO ជាប់លេខ ១០​៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024