ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

Johnny Depp បង្អួតទេពកោសល្យផ្នែកគំនូរក្នុងការតាំងពិព័រណ៍ខ្នាតធំ

០៩ តុលា ២០២៤ | កម្សាន្ដ

 

ធ្លាប់តែឃើញការសម្ដែង ប៉ុន្តែឥឡូវនេះតារាលំដាប់ A ហូលីវូដ Johnny Depp បានបង្ហាញទេពកោសល្យផ្នែកវិចិត្រកររបស់ខ្លួនវិញម្ដង តាមរយៈកម្មវិធីពិព័រណ៍ស្នាដៃគំនូរដ៏ធំ។

 

 

តារាសម្ដែងអាមេរិក Johnny Depp បានចងក្រងស្នាដៃសិល្បៈគំនូររបស់ខ្លួនសម្រាប់ការតាំងពិព័រណ៍ដ៏ធំមានឈ្មោះថា “A Bunch of Stuff” នៅទីក្រុងញូវយ៉ក ដែលអនុញ្ញាតឱ្យអ្នកចូលទស្សនាបានឃើញការវិវត្តនៃស្នាដៃគំនូររបស់លោកចាប់តាំងពីលោកអាយុខ្ទង់២០រហូតដល់បច្ចុប្បន្ន។

 


រូបគំនូរតូចធំ សៀវភៅគំនូរព្រាង និងសម្ភារផ្សេងៗដែលលោកប្រើប្រាស់ក្នុងការគូរគំនូរក៏ត្រូវបានបង្ហាញក្នុងកម្មវិធីពិព័រណ៍នេះដែរ។ ស្នាដៃសិល្បៈជាច្រើនរបស់លោកដែលគេមិនធ្លាប់ឃើញពីមុនមកត្រូវបានយកមកបង្ហាញទាំងក្នុងទម្រង់រូបភាពផ្ទាល់ និងទម្រង់ឌីជីថល ដោយស្នាដៃលេចធ្លោបំផុតមួយចំនួនរួមមានរូបភាពស្និទ្ធស្នាលរបស់សមាជិកគ្រួសារ និងមិត្តភ័ក្តិរបស់លោក។

 


តារាវ័យ ៦១ឆ្នាំរូបនេះបាននិយាយថា គោលបំណងនៃការរៀបចំការតាំងពិព័រណ៍នេះគឺលោកគ្រាន់តែចង់ឱ្យគ្រប់គ្នាបានឆ្លងកាត់ពេលវេលាពិសេសៗ និងបទពិសោធន៍ដែលលោកបានឆ្លងកាត់ដូចគ្នា។

 


គួរបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BAUART (បូអាត) សហការជាមួយក្រុមហ៊ុន Pantheon Art និងក្រុមហ៊ុនបច្ចេកវិទ្យា TAIT ដោយរៀបចំឡើង ចាប់ពីថ្ងៃទី៤ ដល់ដំណាច់ខែតុលា។ ក្នុងនោះ សាធារណជនអាចចូលទស្សនាបានដោយចំណាយលុយទិញសំបុត្រមានតម្លៃចាប់ពី ៤០ ដុល្លារឡើងទៅ ៕
 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024