ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
តារាក្បាច់គុនជើងចាស់ Jackie Chan ឬ ឈិន ឡុង បានចែករំលែករឿងរ៉ាវពិបាកបំផុតដែលលោកបានជួបប្រទះពេលចូលសិល្បៈដំបូងដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រខ្លួន។
នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា "Panda Plan" ដែលរៀបចំឡើងនៅទីក្រុង Jinan (ជីណាន) ខេត្ត Shandong (សានទុង) ប្រទេសចិនកាលពីពេលថ្មីៗ កំពូលតារាសម្ដែងនិងផលិតករភាពយន្តហុងកុង ឈិនឡុង បានចែករំលែកនូវរឿងរ៉ាវមួយចំនួនអំពីគ្រាលំបាកបំផុតក្នុងជីវិតរបស់លោក ដើម្បីលើកទឹកចិត្តអ្នកគាំទ្រឱ្យមានព្យាយាមគិតវិជ្ជមានក្នុងពេលជួបប្រទះការលំបាក ។
តារាវ័យ ៧០ឆ្នាំរូបនេះបាននិយាយថា៖ “ជីវិតតែងតែមានពេលឡើង និងមានពេលចុះ។ ក្នុងពេលធ្លាក់ដល់ចំណុចទាបក្នុងជីវិត ខ្ញុំធ្លាប់មិនមានអ្វីហូបសោះក្រៅពីនំប៉័ងចំនួន ៧ ថ្ងៃជាប់គ្នា”។
លោកបានបន្ថែមថា ទម្រាំមានការទទួលស្គាល់ លោកបានប្រឹងប្រែងក្នុងការហ្វឹកហាត់ខ្លាំងដើម្បីឱ្យការសម្ដែងក្បាច់គុនរបស់ខ្លួនមានការវិវត្ត តួយ៉ាងដូចជានៅក្នុងភាពយន្ត “កំពូលក្បាច់គុនពស់ស្រមោលឥន្ទី” កាលពីឆ្នាំ១៩៧៨ និងភាពយន្ត “កំពូលក្បាច់គុនស្រវឹង” កាលពីឆ្នាំ១៩៩៤ ជាដើម។ លោកបន្តថា គ្រប់គ្នាត្រូវតែប្រឹងប្រែងនៅពេលមិនទាន់មានឱកាស ដើម្បីថ្ងៃណាមួយលទ្ធផលនៃការខិតខំរបស់យើងនឹងត្រូវអ្នកដទៃមើលឃើញ។
ចាប់ផ្ដើមចាក់បញ្ចាំងកាលពីថ្ងៃទី៣០ ខែកញ្ញា ភាពយន្តបែបកំប្លែងនិងបាញ់ប្រហារថ្មីរបស់លោក Jackie Chan មានចំណងជើងថា "Panda Plan" មានសាច់រឿងនិយាយពីកូនខ្លាឃ្មុំផេនដាដ៏គួរឱ្យស្រលាញ់មួយក្បាលដែលត្រូវបានចិញ្ចឹមដោយកំពូលតារាក្បាច់គុនពិភពលោក ឈិន ឡុង និងបានក្លាយជាគោលដៅនៃក្រុមឧក្រិដ្ឋកម្មសកលលោក។ ភាពយន្តនេះរកចំណូលបាន ៣០ លានដុល្លារ ក្រោយបញ្ចាំងក្នុងប្រទេសចិនបានមួយសប្ដាហ៍ ៕
ប្រែសម្រួល៖ វ៉ាន់ថន