ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

James Jirayu រៀបមង្គលការយ៉ាងសាមញ្ញជាមួយមិត្តស្រីក្រៅសិល្បៈ

១៩ ធ្នូ ២០២៤ | កម្សាន្ដ

ក្រោយសាងចំណងស្នេហ៍ជាង ១០ឆ្នាំ ទីបំផុតតារាសម្ដែងថៃ James Jirayu បានចូលរោងការហើយនៅថ្ងៃទី១៩ ខែធ្នូនេះជាមួយមិត្តស្រីក្រៅសិល្បៈ ក្រោមបរិយាកាសដ៏កក់ក្តៅ និងរ៉ូមែនទិកជាខ្លាំង។

 


ពិធីមង្គលការបានប្រព្រឹត្តទៅរួចរាល់ហើយសម្រាប់តារាប្រុសរូបសង្ហា James Jirayu និងកូនក្រមុំ Foam Benjamat (ហ្វូម បេនចាម៉ាត) បន្ទាប់ពីមានការ Surprise សុំរៀបការកាលពីខែតុលាកន្លងទៅ។

 


វីដេអូឃ្លីបពីគណនីអ៊ិនស្តាក្រាមរបស់ផលិតកររឿង “ហង្សបាក់ស្លាប” លោក Kong Piya (កង់ ពីយ៉ៈ) បានបង្ហាញនូវបរិយាកាសដ៏រីករាយនិងកក់ក្ដៅពីមង្គលការកូនកំលោះក្រមុំថ្មីថ្មោងទាំងពីរ ក្នុងកម្មវិធីរៀបចំឡើងយ៉ាងសាមញ្ញដោយមានការចូលរួមអបអរសាទរពីសំណាក់ក្រុមគ្រួសារទាំងសង្ខាង និងមិត្តភ័ក្ដិជិតស្និទ្ធរបស់ពួកគេ។

 


កាលពីដើមខែធ្នូនេះដែរ តារាសម្ដែងវ័យ ៣១ឆ្នាំ James Jirayu ក៏ទើបតែបានបញ្ចេញរូបថត Pre-wedding ដ៏ផ្អែមល្ហែមជាច្រើនសន្លឹក ជាមួយស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ដែលធ្វើឱ្យអ្នកតាមដានជាពិសេសអ្នកមិនទាន់មានគូលួចច្រណែនមិនតិចឡើយ។

 


គួរបញ្ជាក់ថាកូនក្រមុំរបស់ James ឈ្មោះ Foam គឺជានារីក្រៅសិល្បៈ ដោយបច្ចុប្បន្នមានអាយុ៣៥ឆ្នាំ ពោលគឺអាយុបង James Ji ៤ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាដំបូងកាលពី១០ឆ្នាំមុន ខណៈ James Ji ត្រូវថតពាណិជ្ជកម្មមួយ ហើយពេលនោះ Foam ជាអ្នកធ្វើការនៅក្រុមហ៊ុន Production ដែលទទួលថតពាណិជ្ជកម្មនោះ។

 


អាចនិយាយបានថាចំណងស្នេហារយៈពេល ១០ឆ្នាំកន្លងមករបស់អ្នកទាំងពីរត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗជាច្រើន មិនខុសពីរឿងភាគស្នេហារវាងអ្នកគាំទ្រនិងតារាល្បីនោះទេ ដោយ Foam ធ្លាប់ទទួលបានមតិវាយប្រហារច្រើន និងត្រូវគេគាស់កកាយរឿងរ៉ាវផ្សេងៗរបស់ខ្លួន រហូតដល់នាងត្រូវបិទគណនីបណ្ដាញសង្គមទាំងអ៊ិនស្តាក្រាមនិងហ្វេសប៊ុក និងប្រើប្រាស់ជាលក្ខណៈ Private មកដល់ពេលនេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024