ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ក្រុមចម្រៀងកំពូល២ក្រុមពីផលិតកម្ម JYP Entertainment គឺ TWICE និង Stray Kids កំពុងទទួលបានជោគជ័យខ្លាំងសម្រាប់បទចម្រៀងថ្មីរបស់ពួកគេ ដោយបានជាប់ចំណាត់ថ្នាក់កំពូលទាំងតារាងចម្រៀងក្នុងស្រុក និងអន្តរជាតិ។
កាលពីថ្ងៃទី១៥ ខែធ្នូ គេហទំព័រ Billboard បានប្រកាសថាមីនីអាល់ប៊ុមថ្មីរបស់ TWICE (ថ្វាយស៍) មានចំណងជើងថា “Strategy” (ស្ត្រេធិជី) បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Billboard 200 ដែលជាតារាងសម្រាប់អាល់ប៊ុមចម្រៀងពេញនិយមបំផុតប្រចាំសប្ដាហ៍នៅអាមេរិក។
យោងតាម Billboard អាល់ប៊ុម “Strategy” អាចលក់ដាច់ខ្ទង់ ៨៨០០០ បន្ទះក្នុងសប្ដាហ៍ដំបូងនៅសហរដ្ឋអាមេរិក។ សមិទ្ធផលនេះបានធ្វើឱ្យ TWICE ក្លាយជាក្រុមចម្រៀងខេប៉ុបនារីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានអាល់ប៊ុមចំនួន ៦ បានជាប់ក្នុងចំណាត់ថ្នាក់ Top Ten នៃតារាង Billboard 200។
ដោយឡែកក្រុមចម្រៀង Stray Kids ដែលមកពីផលិតកម្ម JYP ដូចគ្នា ក៏ទើបតែចេញអាល់ប៊ុមចម្រៀងថ្មីដែរជាមួយបទចម្រៀងនាំមុខមានចំណងជើងថា “Walkin On Water”។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ អាល់ប៊ុមថ្មីរបស់ពួកគេបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes Top Albums យ៉ាងហោច ២៨ ប្រទេសរួមទាំងជប៉ុន ប្រេស៊ីល និងម៉ិកស៊ិក ស្របពេលវីដេអូចម្រៀងបទ “Walkin On Water” ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជី Top Trending Music Videos របស់ Youtube ដោយមានការចូលទស្សនារហូតដល់ ១៥ លានត្រឹមរយៈពេល ២ថ្ងៃដំបូង។
កាលពីថ្ងៃទី១២ ខែធ្នូ ក្រុមចម្រៀងបុរសដែលមានសមាជិក ៨ នាក់មួយនេះក៏ទើបតែឡើងទទួលពានរង្វាន់មួយដែរនៅអាមេរិក ពីកម្មវិធី Billboard Music Awards គឺពានរង្វាន់ Top Global K-Pop Artist ៕
ប្រែសម្រួល៖ វ៉ាន់ថន