ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

SEVENTEEN ឡើងកូដខ្លាំងលក់អាល់ប៊ុមបានជិត ១០លានបន្ទះឆ្នាំនេះ

១៧ ធ្នូ ២០២៤ | កម្សាន្ដ

 

ផលិតកម្ម Pledis Entertainment បានឱ្យដឹងថាក្រុមចម្រៀង Seventeen អាចលក់អាល់ប៊ុមជិតគ្រប់ ១០ លានបន្ទះហើយនៅឆ្នាំនេះ ខណៈការប្រគំតន្ត្រីទេសចរណ៍របស់ពួកគេក៏បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដែរ។

 

 

ទិន្នន័យពី Circle Chart បានបង្ហាញថាក្រុមចម្រៀង​ Seventeen អាចលក់អាល់ប៊ុមបានខ្ទង់ ៩,៧ លានច្បាប់ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទ ផលិតកម្ម Pledis Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុមចម្រៀងមានសមាជិក ១៣​នាក់មួយនេះបានរំពឹងថាការលក់អាល់ប៊ុមសម្រាប់ខែធ្នូ នឹងជួយឱ្យពួកគេឈានដល់គ្រប់ ១០ លានបន្ទះ បន្ទាប់ពីកាលពីឆ្នាំ២០២៣ ពួកគេធ្លាប់សម្រេចបានការលក់អាល់ប៊ុមដល់ ១០ លានបន្ទះរួចមកហើយ។

 


ទន្ទឹមនឹងតួលេខលក់អាល់ប៊ុមបានយ៉ាងច្រើនលើសលប់ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករយៈពេល​ពេញ​មួយ​ឆ្នាំរបស់ក្រុមចម្រៀងនេះមានឈ្មោះថា “Seventeen in Carat Land” និង “Right Here” ក៏អាចលក់សំបុត្រដាច់អស់ៗគ្រប់ការសម្ដែងដែរ។

 


ភាពលេចធ្លោផ្សេងទៀតសម្រាប់ Seventeen ក្នុងឆ្នាំនេះគឺពួកគេបានក្លាយជាសិល្បករ K-pop ដំបូងដែលអាចរៀបចំការប្រគំតន្ត្រីទោលនៅពហុកីឡាដ្ឋាន Olympic Sports Center ក្នុងទីក្រុងម៉ាកាវ ហើយក៏បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធី MTV Video Music Awards និងពានរង្វាន់ Billboard Music Awards របស់អាមេរិកថែមទៀត។ មិនតែប៉ុណ្ណោះ កាលពីខែមិថុនា ពួកគេត្រូវបានអង្គការយូណេស្កូតែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈដំបូងបំផុតសម្រាប់យុវជន។

 


សម្រាប់ឆ្នាំក្រោយ ២០២៥ ដែលជាខួបទី ១០ នៃការបង្ហាញខ្លួនដំបូងរបស់ពួកគេផងដែរ Seventeen មានគម្រោងចេញសម្តែងនៅទីក្រុងមួយចំនួននៅអាស៊ីសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ "Right Here" ក្នុងខែមករា ហើយនឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីប្រចាំឆ្នាំរបស់ប្រទេសម៉ិកស៊ិកក្នុងខែមេសា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024