ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
បន្ទាប់ពីខកបំណងរឿងស្នេហាជាច្រើនលើក ពេលនេះតារាចម្រៀងសិចស៊ិ Selena Gomez ក៏បានជួបស្នេហ៍ពិតជាមួយអ្នកនិពន្ធល្បីឈ្មោះម្នាក់ ដោយបានប្រកាសភ្ជាប់ពាក្យយ៉ាងផ្អែមល្ហែម។
នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២៤នេះ Selena Gomez បានប្រកាសដំណឹងដ៏រីករាយនៅលើគណនី Instagram របស់ខ្លួនដោយប្រកាសថានាងបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាអ្នកនិពន្ធចម្រៀងនិងតន្ត្រីករល្បីឈ្មោះ Benny Blanco (បេនី ប្លង់កូ) និងទទួលបានការអបអរសាទរយ៉ាងច្រើនពីមិត្តភ័ក្ដិ និងអ្នកគាំទ្រជុំវិញពិភពលោក ។
ភ្ជាប់ជាមួយរូបថតចិញ្ចៀនលើម្រាមដៃ និងរូបឱបគ្នាជាមួយគូស្នេហ៍ តារាចម្រៀងស្រីវ័យ ៣២ឆ្នាំរូបនេះបានសរសេរ Caption ថា "forever begins now.." ឬ "ស្នេហាអមតៈចាប់ផ្ដើមពីពេលនេះហើយ"។
ខាងក្រោមការបង្ហោះនេះ តារាចម្រៀង Taylor Swift ដែលជាមិត្តដ៏ជិតស្និទ្ធរបស់ Selena រហូតមកក៏បានស្នើខ្លួនធ្វើជាអ្នកកាន់ផ្កាក្នុងមង្គលការពួកគេ ហើយតារាសម្តែង Jennifer Aniston ក៏បានចូលរួមអបអរសាទរផងដែរ។ ទន្ទឹមនោះ Benny Blanco ក៏បានចូលមកបញ្ចេញមតិយ៉ាងផ្អែមល្ហែមថា “នេះប្រពន្ធខ្ញុំតើ!”។
គួររំឭកថា គូស្នេហ៍មួយគូនេះបានបង្ហាញទំនាក់ទំនងពួកគេជាសាធារណៈកាលពីខែធ្នូ ឆ្នាំ ២០២៣ ខណៈមុននេះពីរឆ្នាំគឺកាលពីឆ្នាំ២០២១ ពួកគេធ្លាប់បានធ្វើការរួមគ្នាក្នុងការផលិតបទចម្រៀង "I Can't Get Enough"។ Selena Gomez ធ្លាប់បានផ្ដល់បទសម្ភាសអំពីស្នេហាលើកនេះថា ទំនាក់ទំនងជាមួយ Blanco ធ្វើឱ្យនាងមានអារម្មណ៍ថាកក់ក្ដៅបំផុត និងអាចមើលឃើញអនាគតជាមួយគ្នា។
មានវ័យ ៣៦ឆ្នាំ Benny Blanco ត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធដ៏ល្បីឈ្មោះ ដោយធ្លាប់បានសហការនិពន្ធចម្រៀងល្បីៗជាច្រើនដូចជាបទ “Diamonds” របស់ Rihanna, បទ "Teenage Dream" និង "California Gurls" របស់ Katy Perry, បទ “Moves Like Jagger” របស់ Maroon 5, បទ “Circus” របស់ Britney Spear និងបទ “Tik Tok” របស់ Ke$ha ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន