ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

Beyonce និងស្វាមីមកគាំទ្រកូនស្រីក្នុងពិធីសម្ពោធភាពយន្ត Lion King ថ្មី

១២ ធ្នូ ២០២៤ | កម្សាន្ដ

 

គូស្នេហ៍កំពូលតារាចម្រៀងអាមេរិក Beyonce និង Jay Z បានបង្កការចាប់អារម្មណ៍ខ្លាំងសម្រាប់វត្តមានពួកគេនៅឯពិធីសម្ពោធបញ្ចាំងលើកដំបូងរបស់ភាពយន្តគំនូរជីវចល "Mufasa: The Lion King" នៅទីក្រុង Los Angeles។

 


រូបភាពជុំគ្រួសារដ៏កម្ររបស់ Beyonce និង Jay Z បានកើតឡើងខណៈតារាទាំងពីរដួងបានចូលរួមគាំទ្រដល់កូនស្រីវ័យ១២ឆ្នាំរបស់ពួកគេឈ្មោះ Blue Ivy Carter ដែលបានបញ្ចូលសំឡេងក្នុងភាពយន្តខ្នាតធំលើកដំបូងក្នុងរឿងនេះ ខណៈ Beyonce ក៏បានចូលរួមបញ្ចូលសំឡេងក្នុងឈុតមួយដែរ។

 


ត្រូវបានដឹកនាំដោយផលិតករឈ្នះពានរង្វាន់អូស្ការ លោក Barry Jenkins ភាពយន្ត "Mufasa: The Lion King" មានសាច់រឿងនិយាយពីរឿងរ៉ាវកើតឡើងមុន និងក្រោយព្រឹត្តិការណ៍ក្នុងភាពយន្តស្ដេចតោ “The Lion King” កាលពីឆ្នាំ២០១៩។ ចូលរួមក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកដឹកនាំ Barry Jenkins ក៏បានកោតសរសើរចំពោះ Blue Ivy និង Beyonce សម្រាប់ការធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។

 


គួរបញ្ជាក់ដែរថា ភាពយន្តថ្មីនេះត្រូវបានចេញផ្សាយដើម្បីអបអរខួបគម្រប់ ៣០ ឆ្នាំនៃការចាប់កំណើតសែស្រឡាយភាពយន្តគំនូរជីវចលស្ដេចតោដ៏ល្បីល្បាញរបស់ Disney។ ក្នុងនោះ “The Lion King” វគ្គដំបូងដែលចេញក្នុងឆ្នាំ១៩៩៤ អាចរកចំណូលជុំវិញពិភពលោកបានរហូតដល់ ៧៦៣ លានដុល្លារ និងឈានដល់ការបង្កើតវគ្គទី២ នៅឆ្នាំ១៩៩៨។

 

 

មិនតែប៉ុណ្ណោះ ភាពយន្តនេះក៏ត្រូវបានកែសម្រួលជាល្ខោនតន្ត្រី និងបានចេញសម្ដែងទូទាំងពិភពលោកចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៩ ដោយអាចរកចំណូលសរុប ១៩០០លានដុល្លារ ។នៅឆ្នាំ២០១៩ ក្រុមហ៊ុន Disney ក៏បានបញ្ចេញភាពយន្ត “The Lion King” ជា Version Live Action ហើយក៏ទទួលបានជោគជ័យខ្លាំងថែមទៀតជាមួយចំណូលសរុប ១៦០០ លានដុល្លារជុំវិញពិភពលោក ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024