ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងជប៉ុនជួបពិភាក្សាគ្នាចំពេលមានភាពតានតឹងជាមួយនឹងកូរ៉េខាងជើង

 

 

អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ាសាតាកា អូកាណូ (Masataka Okano) បានជួបពិភាក្សាគ្នានៅថ្ងៃនេះជាមួយសមភាគីកូរ៉េខាងត្បូងលោក គីម ហុងគ្យុន (Kim Hong-kyun) ក្នុងរដ្ឋធានីសេអ៊ូលដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីចំពេលមានភាពតានតឹងជាមួយនឹងកូរ៉េខាងជើង។ ជំនួបទ្វេភាគីនេះបានធ្វើឡើងក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសអំពីការកេណ្ឌទ័ពបានប្រហែល១.៤លាននាក់ និងការបំផ្ទុះកាត់ផ្ដាច់ផ្លូវថ្នល់ និងផ្លូវរទេះភ្លើងដែលតភ្ជាប់រវាងកូរ៉េទាំងពីរ។ ហើយនៅថ្ងៃនេះដែរ  កូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបានកំណត់កូរ៉េខាងត្បូងថាជាប្រទេសបច្ចាមិត្តរបស់ខ្លួន។

 

 

កាលពីថ្ងៃពុធ លោក អូកាណូ និងលោក ហុងគ្យុន ក៏បានជួបជាមួយនឹងសមភាគីអាម៉េរិកសម្រាប់កិច្ចពិភាក្សាមួយចំនួន និងបានរួមគ្នាថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹងដោយចេតនា។ មន្ត្រីទាំងបីភាគីនេះក៏បានប្រកាសនៅថ្ងៃនោះអំពីការចាប់ផ្តើមក្រុមចម្រុះជាតិសាសន៍ថ្មីមួយដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងផងដែរ។

 

 

កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសដែលមានគំនិតដូចគ្នារួមទាំងការបន្តកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់ តែស៊ីជម្រៅជាមួយនឹងប្រទេសជិតខាងកូរ៉េខាងត្បូង ជាគោលនយោបាយមួយដែលត្រូវបានជំរុញដោយអ្នកកាន់តំណែងមុនរបស់លោក៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024