ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

វៀតណាម បន្តទាក់ទាញទុនវិនិយោគបរទេស កើនឡើង ១១% ក្នុង ៣ត្រីមាសដំបូង

១៨ តុលា ២០២៤ | សេដ្ឋកិច្ច

 

បើតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាម ទាក់ទាញគម្រោងវិនិយោគបរទេស ដែលមានតម្លៃជាង ២៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ ២០២៤នេះ កើនឡើង ១១% នៅក្នុងកម្រិតនៃដើមទុន ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 

 

ទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានលើកឡើងថា គិតចាប់ពីខែមករា ដល់ខែកញ្ញានេះ ប្រទេស និងដែនដីចំនួន ៩៨ បានបណ្តាក់ទុនវិនិយោគនៅ វៀតណាម នាំមុខដោយសិង្ហបុរី ដែលមានដើមទុនជាង ៧ពាន់លានដុល្លារ ប្រទេសចិន ជាប់លេខ ២ ដែលមានទំហំទុនជាង ៣ពាន់ ២រយលានដុល្លារអាមេរិក ដោយប្រទេសចិន គឺឈានមុខគេលើការវិនិយោគនៅក្នុងគម្រោងថ្មី។

 

 


ទាក់ទងនឹងដើមទុន វិស័យឧស្សាហកម្មផលិត និងកែច្នៃ មានទំហំទុនវិនិយោគជាង ១៥ពាន់លានដុល្លារ ឬស្មើនឹង ៦៣% នៃការវិនិយោគសរុបរបស់វិស័យនេះ ធ្លាក់ចុះ ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


វិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការវិនិយោគសរុបជាង ៤ពាន់លានដុល្លារ កើនឡើងរង្វង់ ២ដង ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
គួរជម្រាបថា ដើមទុនបរទេសមួយចំនួនធំ ត្រូវបានតម្រង់ឆ្ពោះទៅរក គម្រោងខ្នាតធំ នៅក្នុងឧបករណ៍អេឡិចត្រូនិក ថាមពល គ្រឿងបន្លាស់អេឡិចត្រូនិច និងផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ នៅអំឡុងពេលនេះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024