ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ស្ថាប័នហិរញ្ញវត្ថុ តម្លើងការព្យាករកំណើនសេដ្ឋកិច្ចប្រទេសចិនដល់ ៤,៩% ក្នុងឆ្នាំ២០២៤

១៦ តុលា ២០២៤ | សេដ្ឋកិច្ច

 

ស្ថាប័នហិរញ្ញវត្ថុ Goldman Sachs បានធ្វើការព្យាករ និងសម្តែងសុទិដ្ឋិនិយមអំពី កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ ដោយរំពឹងកំណើនរង្វង់ ៤,៩% សម្រាប់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

របាយការណ៍ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ Goldman Sachs បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ពីអត្រា ៤,៧% ដល់ ៤,៩% នៅក្នុងឆ្នាំ ២០២៤។

 


នៅក្នុងរបាយការណ៍ស្រាវជ្រាវ បានបង្ហាញទៀតថា គំនិតផ្តួចផ្តើមថ្មីៗពី អាជ្ញាធរចិន បង្ហាញពីការផ្លាស់ប្តូរក្នុងការគ្រប់គ្រងគោលនយោបាយ ដោយមានការសង្កត់ធ្ងន់ជាថ្មីលើ ការជំរុញការអនុវត្តសេដ្ឋកិច្ច។

 


យោងតាមការិយាល័យស្ថិតិជាតិចិន ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឈានដល់ប្រហែល ៨,៦ទ្រីលានដុល្លារអាមេរិក នៅក្នុងឆមាសទី ១ ដែលតំណាងឱ្យការកើនឡើង ៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសចិន បានដាក់ចេញនូវវិធានការគោលនយោបាយជាបន្តបន្ទាប់កាលពីចុងខែកញ្ញា រួមទាំងការកាត់បន្ថយអត្រាកំណត់ហានិភ័យសម្រាប់ធនាគារ និងការកាត់បន្ថយអត្រាការប្រាក់សម្រាប់គេហដ្ឋានដែលមានស្រាប់ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់កម្មវិធីរូបិយវត្ថុថ្មីដើម្បីជំរុញទីផ្សារមូលធន។

 


ស្របគ្នានេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រឹម ៥% នៅឆ្នាំ ២០២៤ ដោយលើកឡើងពី សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងត្រីមាសទី ១ និងវិធានការគោលនយោបាយថ្មីៗរបស់ចិន។ជាចុងក្រោយ IMF ក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ ២០២៥ ដល់ ៤,៥%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024