ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុ នៅពេលកម្ពុជាចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

១៦ តុលា ២០២៤ | សេដ្ឋកិច្ច

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលប្រទេសកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩ នោះនឹងត្រូវបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុមួយចំនួន ដោយត្រូវពឹងផ្អែកលើខ្លួនឯង និងមានភាពឯករាជ្យ ព្រមទាំងម្ចាស់ការផងដែរ។ ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង។

 


បន្ថែមពីលើនេះ គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយ នៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជា ឆ្លងផុតនូវការត្រួតពិនិត្យរយៈពេល ៣ឆ្នាំម្ដង ជាលើកទី២ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។ ជាមួយនឹង ការឆ្លងផុតដំណាក់កាលពិនិត្យលើកទី ២នេះ កម្ពុជាត្រូវបាន គណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ បន្ទាប់ពីកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់នេះ តាំងពីឆ្នាំ១៩៩១។

 


ក្នុងឱកាសនោះ សម្តេចបវរធិបតី មានប្រសាសន៍បន្ថែមថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ប្រព្រឹត្តកម្មពិសេស និងដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO និងវិធានដើមកំណើតទំនិញកាន់តែរឹតត្បិតជាងមុន ដែលនឹងបង្កផលប៉ះពាល់ដល់ ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារសំខាន់ៗ ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែកម្ពុជា មិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ ខណៈ កម្ពុជា នាពេលនេះ បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាប្រទេសដែលមានសក្តានុពលមួយ នៅក្នុងតំបន់អាស៊ី។ 

 


ទន្ទឹមនឹងនេះ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជា មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់ ៤៨ពាន់លានដុល្លា។ សមិទ្ធផលទាំងនេះ គឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។

 


គួរជម្រាបថា បើយោងតាម ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុងក្រោយនេះ អត្រាភាពក្រីក្រ បានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ពី ៦០% ក្នុងឆ្នាំ ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាង ៧% ជាមធ្យមក្នុងមួយឆ្នាំ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024